ភ្នំពេញ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន៦ ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិត ប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺ នេះចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលដែលបានខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។
សេចក្តីព្រាងច្បាប់ថ្មីដែលកើតចេញជារូបរាងនេះ ជាសក្ខីភាពកាន់តែច្បាស់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋ ហើយសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីច្បាប់នេះចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តយ៉ាងសកម្មទាំងអស់គ្នា និងប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីតម្កល់ផលប្រយោជន៍រួមរបស់ជាតិយើង ៕
ដោយ៖សូរិយា