ភ្នំពេញ៖ សម្តេចហេងសំរិនប្រធានរដ្ឋសភាមានប្រសាសន៍ថា ខ្ញុំនិងភរិយាបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយនៅព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ បន្ទាប់ពីបានដឹកនាំសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ដែលបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ក្នុងនាមរដ្ឋសភា ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យនាពេលកន្លងមក និងជាពិសេសកិច្ចខំប្រឹងប្រែងក្នុងការ កៀរគរមូលនីធិ និងជំនួយវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ ក្នុងនោះអង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធនិងបានសម្របសម្រួលផ្តល់ជំនួយវ៉ាកសាំងកូវីដ-១៩ ចំនួន ៣២៤ ០០០ ដូស ក្នុងដំណាក់កាលដំបូងតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេស មិត្តចិនដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូស ព្រមទាំងសម្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី។ ជំងឺកូវីដ-១៩ ហាក់នៅតែបន្តគំរាមកំហែងពិភពលោកនៅឡើយ ដូច្នេះវិធានការការពារនៅតែជាចំនុចអាទិភាព ដែលយើងត្រូវតែបន្តអនុវត្ត មិនអាចធ្វេសប្រហែសបានឡើយ។ ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាការចូលរួមរបស់យើងទាំងអស់គ្នា។
សូមជនរួមជាតិ ប្រកបដោយសេចក្តីសុខនិងសុភមង្គលគ្រប់គ្រួសារ និងបានចៀសឆ្ងាយពីជំងឺកូវីដ-១៩ទាំងអស់គ្នា៕
ដោយ៖ សូរិយា