ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៥ មីនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូបន្តចុះជួបសំណេះសំណាល និង សួរសុខទុក្ខកងទ័ព នៅទិសយោធភូមិភាគទី៣។
ពិធីសំណេះសំណាលបានប្រព្រឹត្តិទៅនៅទីបញ្ជាការយោធភូមិភាគទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំយោធភូមិភាគ តំបន់ប្រតិបត្តិការសឹករង និងកងពលតូចថ្មើរជើងលេខ៣១។
ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ សមិទ្ធិផលជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទាហាន សម្រេចបាននាពេលកន្លងមក នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការខិតខំកសាងអង្គភាពឱ្យមានការរីកចម្រើនមកដល់បច្ចុប្បន្ន។
ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ នាយឧត្តមសេនីយ៍ បានជម្រុញដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តភារកិច្ចស្នូល ការចូលរួមការពារកន្លែងធ្វើចត្តាឡីស័ក និងការត្រៀមកម្លាំងអន្តរាគមន៍ពេលមានបទបញ្ជា ក្នុងនោះកម្លាំងនៅតំបន់ព្រំដែនត្រូវការពារមិនឲ្យមានការឆ្លងដែនចេញចូលខុសច្បាប់ រវាងប្រទេសដែលជាប់ព្រំដែនជាមួយកម្ពុជា ខណៈសភាពការណ៍បច្ចុប្បន្នកំពុងរឹតបន្តឹងលើបញ្ហាជំងឺកូវីដ១៩ និងត្រូវបន្តសហការឲ្យបានល្អជាមួយប្រទេសជិតខាង ដោយអនុវត្តបានត្រឹមត្រូវតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ត្រូវរស់នៅមានអនាម័យល្អ គោរពឲ្យបានត្រឹមត្រូវតាមគោលការណ៍ (៣.កុំ និង៣.ការពារ) របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងត្រូវចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់គ្នា ដោយមិនត្រូវជឿតាមការឃោសនាអកុសលរបស់ជនអគតិមួយចំនួន អំពីបញ្ហាការចាក់វ៉ាក់សាំងនោះឡើយ។
ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង ក៌ដូចជាការត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឧបត្ថម្ភថវិកាចំនួន ៣៧ លានរៀល ដែលជាអំណោយឧបត្ថម្ភរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ជំនួសមុខឲ្យកងកម្លាំងជួរមុខនៅទិសយោធភូមិភាគទី៣ ឧត្តមសេនីយ៍ឯក យឿង សុខុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់អគ្គមេបញ្ជាការ ដែលបានចុះមកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមកផ្តល់ជូនកងកម្លាំងនាឱកាសនេះ ដែលជាកាយវិការដ៏ល្អប្រពៃ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់សុខទុក្ខកងទ័ព និងបានប្តេជ្ញាខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដីឲ្យបានរឹងមាំ៕
ដោយ៖ សូរិយា