នៅថ្ងៃទី៦ខែមីនា(ត្រូវនឹងថ្ងៃទី៧នៅកម្ពុជា) ប្រធានាធិបតីអាមេរិក លោកបៃឌិន បានលើកឡើងថា ការណ៍ដែលព្រឹទ្ធសភាអនុម័តគាំទ្រកញ្ចប់ជំនួយកូវីដ-១៩ ដែលមានទឹកប្រាក់ដល់ទៅ១៩០០ពាន់លានដុល្លារ (១,៩ទ្រីលាន) គឺជាជោគជ័យមួយយ៉ាងធំធេងសម្រាប់ អាមេរិកយកឈ្នះទៅលើកូវីដ-១៩។
ទឹកប្រាក់ទាំងនោះនឹងចំណាយ ១៤០០ពាន់លានដុល្លារចែកជូនពលរដ្ឋអាមេរិកទាំងអស់ ដែលត្រូវចាប់ផ្តើមអនុវត្តនៅខែមីនានេះតែម្តង។ ក្រៅពីនេះទឹកប្រាក់នឹងត្រូវចំណាយបង្កើនល្បឿនក្នុងការផលិតនិងចែកចាយវ៉ាក់សាំងឲ្យបានលឿនបំផុត។
គម្រោងកញ្ចប់ថវិកាខាងលើ បានឆ្លងផុតព្រឹទ្ធសភាក្នុងសំឡេងគាំទ្រចំនួន៥០ និងជំទាស់ចំនួន៤៩ ដោយសមាជិកព្រឹទ្ធសភាទាំងអស់នៃបក្សប្រជាធិបតេយ្យសុទ្ធតែគាំទ្រ ហើយសមាជិកបក្សសាធារណរដ្ឋសុទ្ធតែជំទាស់។ វាគឺជាកញ្ចប់ថវិកាសង្រ្គោះដែលមានទំហំធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយវាជាជ័យជម្នះធំធេងមួយជាលើកដំបូងសម្រាប់លោក បៃឌិន ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែមករាមក។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះអាមេរិកមានមនុស្សសរុប ៥៨,២២៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៥១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៦៥៣,៨៩១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៣៧,១១៩នាក់ និងជាសះស្បើយឡើងសរុប ២០,២៧៣,៩១៥នាក់៕ដោយ ៖ធីរីណា