ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូនថា ដើម្បីពន្លឿនប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យ និងចៀសវាងការមកច្រើនកកកុញដែលនាំឱ្យមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅក្នុងបរិវេណទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុបាន និងកំពុងគិតគូររៀបចំវិធីចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់ ដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យមានភាពច្បាស់លាស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺៈ ៣កុំ និង៣ការពារ ព្រមទាំង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងចៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនអនុវត្តតាមការណែនាំដូចខាងក្រោម÷
១-ត្រូវអនុវត្តវិធានការការពារខ្លួនតាមការអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុកន្លងមក ដោយត្រូវស្នាក់នៅក្នុងផ្ទះមួយរយៈពេល ដើម្បីឱ្យរដ្ឋបាលខេត្តគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរសិន។
២-ការចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរង់ចាំតាមជូនដំណឹងរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ហើយពេលត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ត្រូវទៅតាមបញ្ជីឈ្មោះ និងតាមការអញ្ជើញរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ដោយមានភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណផងដែរ៕
ដោយ៖ សិលា