ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រកាសថា ទីក្រុងប៉េកាំងមិនឈរនៅខាងណាមួយឡើយក្នុងវិវាទនយោបាយនៅប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

នៅថ្ងៃទី៧ខែមីនា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បានបញ្ជាក់ថា ទីក្រុងប៉េកាំងមិនឈរខាងភាគីណាមួយនោះឡើយ ក្នុងវិវាទនាពេលបច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា ។ ប៉ុន្តែចិនបានត្រៀមលក្ខណៈ រួមចំណែកជាមួយភាគីទាំងសងខាងដើម្បីដោះស្រាយស្ថានភាព។
លោកវ៉ាងយី បញ្ជាក់ថា អ្វីដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា គឺជារឿង ដែលចិនមិនចង់មើលឃើញឡើយ ។ លោកក៏បានច្រានចោលរាល់ព័ត៌មាន ថាចិននៅពីក្រោយការធ្វើរដ្ឋប្រហារក្នុងប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេសចិនបញ្ជាក់ទៀតថា នឹងសហការជាមួយភាគីទាំងពីរនៅប្រទេសនេះដើម្បីដោះស្រាយវិវាទ តាមច្បាប់គោរពដែនអធិបតេយ្យរបស់មីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ទៀតថា បើទោះបីស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ានម៉ាមានការប្រែប្រួលក៏ដោយ ក៏ទំនាក់ទំនងជាមួយចិនមិនផ្លាស់ប្តូរនោះដែរ។
កន្លងមកចិនក៏បានយល់ព្រមជាមួយអង្គការសហប្រជាជាតិ នៅក្នុងសេចក្តីប្រកាស អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែង លោកស្រី អោងសាន ស៊ូជី និងអ្នកនយោបាយជាច្រើនរូបទៀតដែលយោធាចាប់ខ្លួន ។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ នៅថ្ងៃទី ៧ខែមីនា ពលរដ្ឋមីយ៉ាន់ម៉ា រាប់សិនពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្ម ប្រឆាំងយោធា ហើយបាតុកម្មនោះក៏រងការបង្ក្រាបពីកម្លាំងសន្តិសុខបណ្តាលឲ្យបាតុករ៥នាក់រងរបួសផងដែរ នៅទីក្រុង Bagan ។
ក្រៅពីនេះ ក៏មានការធ្វើបាតុកម្មកើតឡើងនៅទីក្រុងផ្សេងទៀតដូចជា ទីក្រុង Yangon និង Mandalay ហើយពលរដ្ឋចូលរួមបាតុកម្មមានច្រើនជាងរាល់លើក៕ដោយ៖ធីរីណា

រូបភាព៖ Reuters


ចែករំលែក៖