ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក ម្ចាស់ក្លិបអន្តរជាតិជូហាវ និងផ្ទះស្នាក់នៅខាងក្រោយក្លឹប ស្ថិតនៅផ្លូវសន្តិភាព ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កម្មវត្ថុ ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើការក្លិបអន្តរជាតិជូហាវ និងផ្ទះនៅខាងក្រោយក្លិប ស្ថិតនៅវិថី សន្តិភាព ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងដាក់ជា មណ្ឌលចត្តាឡីស័ក។
យោង:
– អនុក្រឹត្យលេខ ២៧ អនក្រ ៖ .បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ -តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោក ឱ្យបានជ្រាប ថា៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីភ្ញៀវដែលបានធ្វើការក្នុងក្លិប និងស្នាក់ នៅផ្ទះខាងក្រោយក្លិបអន្តរជាតិជូហាវ ស្ថិតនៅវិថីសន្តិភាព ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយលទ្ធផល តេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យ លោក ផ្អាកជាបណ្តោះអាសន្នអាជីវកម្មក្លិបអន្តរជាតិជូហាវ និងផ្អាកការចេញចូលស្នាក់នៅផ្ទះខាងក្រោយក្លិប ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មីចូលទៅកំសាន្ត ស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែលធ្វើការ ក្នុងក្លិប និងស្នាក់នៅក្នុងផ្ទះខាងក្រោយចេញ-ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ខេត្ត នឹងចុះទៅពិនិមួយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការក្នុងក្លឹប អ្នកស្នាក់នៅក្នុងផ្ទះខាង ក្រោយក្លិប ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់ក្លឹបកំសាន្តអន្តរជាតិ ជូហាវ និងផ្ទះជួលនៅខាងក្រោយក្លឹប ជាបណ្តោះអាសន្ន និងដាក់ជា មណ្ឌលចត្តាឡីស័ក ចាប់ពីពេលជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងដំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់ជាមួយក្លឹប និងផ្ទះស្នាក់នៅខាងក្រោយក្លឹបត្រូវតែយក សំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងករណី លោកមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្ត វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះសូម លោក អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕