ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋី និងជាអ្នកនយោបាយ បារាំង ស្លាប់ដោយធ្លាក់ឧទ្ធម្ភាគចក្រ

ចែករំលែក៖

មហាសេដ្ឋីជនជាតិបារាំងលោក Olivier Dassault បានស្លាប់ដោយគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី ៧ខែមីនា ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មាន ពីប៉ូលិសបារាំងបានឲ្យដឹងថា ឧទ្ធម្ភាគចក្រឯកជន ដឹកមហាសេដ្ឋី Dassault បានធ្លាក់នៅតំបន់ Normandy កាលពីល្ងាចថ្ងៃទី ៧ខែមីនា (ពេលវេលាក្នុងតំបន់ )។ មហាសេដ្ឋីរូបនេះមាន ផ្ទះមួយខ្នងនៅតំបន់រម្មណីយដ្ឋាន ក្នុងតំបន់ Normandy ។ ក្រៅពីមហាសេដ្ឋីអាកាសយានិកក៏បានស្លាប់ផងដែរ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា មហាសេដ្ឋី Olivier Dassault និងជាអ្នកនយោបាយ ប្រឆាំងអាយុ៦៩ឆ្នាំគឺជាអ្នកស្រឡាញ់ប្រទេសជាតិ ។ ក្នុងមួយឆាកជីវិតរបស់លោក មិនដែលខកខានក្នុងការបម្រើប្រទេសជាតិនោះឡើយ។ ការស្លាប់របស់លោក គឺជាការបាត់បង់យ៉ាងធំធេង ចំពោះសង្គមជាតិ និងក្រុមគ្រួសាររបស់លោក។
ប្រធានរដ្ឋសភាបារាំងលោក Richard Ferrand ក៏បានលើកឡើងថា «ខ្ញុំពិតជាគោរពដល់អ្នកនយោបាយ ដ៏ឆ្នើមនិងជាអ្នកជំនួញដ៏ជោគជ័យ បានចូលរួមបម្រើប្រទេសជាតិ» ។
លោក Olivier Dassault ជាកូនប្រុសច្បងរបស់ មហាសេដ្ឋីក្រុមហ៊ុនឧស្សាហកម្ម Serge Dassault ជាអតីតប្រធានក្រុមហ៊ុន Olivier Dassault មានឯកទេសផលិតយន្តហោះចម្បាំង Rafale និងជាចាងហ្វាងកាសែត Le Figaro ។
លោក Olivier Dassault បានក្លាយជាតំណាងរាស្ត្រ របស់គណបក្ស Les Republicains តាំងពីឆ្នាំ២០០២។ លោកកឺជាមនុស្សមានទ្រព្យសម្បត្តិលំដាប់ទី ៣៦១នៅលើពិភពលោក ដែលមានប្រាក់ជាង៦ពាន់លានអឺរ៉ូ ភាគច្រើនជាប្រាក់បន្សល់ទុកពីឪពុករបស់លោក៕ដោយ៖ ធីរីណា

រូបភាព៖ nId


ចែករំលែក៖