ខេត្តកំពង់ចាម៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា, នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងដែលបុរសជនជាតិខ្មែរ ឈ្មោះ ស៊ឹម សុីថាន អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស។
គួរបញ្ជាក់ថា៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ដែលមកពីតំបន់ដែលមានហានិភ័យខ្ពស់(ខេត្តព្រះសីហនុ) បានត្រឡប់មកផ្ទះ នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស (កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២១) លោកអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកបុរសខាងលើ មកធ្វើចត្តាឡីស័ក នៅមណ្ឌលច័ត្តឡីស័ករបស់រដ្ឋបាលខេត្ត (អតីតសណ្ឋាគារមេគង្គ) និងបានពិនិត្យសុខភាព ព្រមទាំងយកសំណាកពិនិត្យ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ទទួលបានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាបុរសខាងលើមានលទ្ធផលវិមានកូវីដ-១៩។ បច្ចុប្បន្នបុរសខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យស្រាវជ្រាវបន្ថែមទៀតរកអ្នកដែលពាក់ព័ន្ធនឹងករណីបុរសខាងលើ និងសូមអំពាវនាវដល់បងប្អូនដែលបានពាក់ព័ន្ធនឹងបុរសខាងលើ ទៅតាមពេលវេលា និងទីកន្លែងដែលបុរសខាងលើបានធ្វើដំណើរទៅ ដើម្បីទៅពិនិត្យសុខភាព និងយកសំណាក នៅតាមមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការបន្ទាន់។ សូមបងប្អូនអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវវិធានការចាំបាច់នានា តាមការណែនាំរបស់មន្ត្រីសុខាភិបាល៕
ដោយ៖ សិលា