ព័ត៌មានទាន់ហេតុការណ៍៖

ឆេះជំរំជនភៀសខ្លួននៅក្នុងប្រទេសយេម៉ែន ស្លាប់និងរបួសជិត១៨០នាក់

ចែករំលែក៖

អង្គការជនភៀសខ្លួនអន្តរជាតិ IOM បានប្រកាសថា កាលពីថ្ងៃទី ៧ខែមីនា គ្រោះអគ្គិភ័យបានឆាបឆេះជំរំជនភៀសខ្លួននៅទីក្រុង Sanaa ប្រទេសយេម៉ែន បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង ១៧០នាក់រងរបួស។
អង្គការ IOM បានប្រកាសថា មកទល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានគ្រោះអគ្គិភ័យកើតឡើងនៅភាគខាងត្បូង ទីក្រុង Sanaa នេះទេ។ គ្រោះអគ្គិភ័យខាងលើ បណ្តាលឲ្យមនុស្ស ១៧០ នាក់រងរបួស ក្នុងនោះមាន ៩០នាក់រងរបួសធ្ងន់ និង៨នាក់ស្លាប់។
ទីតាំងជនភៀសខ្លួនជួបគ្រោះថ្នាក់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម ហ៊ូធី គឺជាក្រុមដែលគ្រប់គ្រងទីក្រុង Sanaa ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសយេម៉ែនតាំងពី៦ឆ្នាំមុន ។ ក្រុមហ៊ូធីប្រកាសថាបានគ្រប់គ្រងស្ថានភាពនៃការឆាបឆេះបានហើយ ហើយពេលនេះកំពុងតែបើកការស្រាវជ្រាវពីមូលហេតុ ។
តាមសារព័ត៌មាន AP អណ្តាតភ្លើងឆាបឆេះនៅទីតាំងរក្សាទុកយន្តហោះស្ថិតនៅក្បែរអគារជនភៀសខ្លួនដែលមានជនភៀសខ្លួនជាង៧០០នាក់ស្នាក់នៅ។ ជនភៀសខ្លួនទាំងនោះត្រូវបានចាប់ខ្លួន ពេលព្យាយាមឆ្លងចូលទៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត៕

ដោយ ៖ធីរីណា (រូបភាព៖Reuters)


ចែករំលែក៖