ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥២ ចុះត្រួតពិនិត្យ និងសួរសុខទុក្ខ កងកម្លាំងបំពេញបេសកកម្មទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមបន្ទាត់ព្រំដែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក អ៊ួម  សុធារ៉ា មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការស្ដីទី កងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារកងពលចុះត្រួតពិនិត្យ និងសួរសុខទុក្ខ កងកម្លាំងដែលបំពេញបេសកកម្មទប់ស្កាប់ពលករលួចឆ្លងដែនខុសច្បាប់តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

លោកមេបញ្ជាការរងកងពល បានដាក់បទបញ្ជាដល់បណ្ដាគោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង ពេលជួបពលករ ដែលលួចឆ្លងដែនខុសច្បាប់ ត្រូវពន្យល់ណែនាំពួកគាត់ អំពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩  ហើយបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក នៅគោលដៅដែលបានកំណត់ ។

លោកវរសេនីយ៍ឯក បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកមេបញ្ជាការស្ដីទី កងពលតូចថ្មើរជើងលេខ៥២ ដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យរបស់ខ្លួនជាប់ជាប្រចាំ ឱ្យបានល្អ  ពិសេសកម្លាំងដែលបានចាមកក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួច សូមថែរក្សាសុខភាព តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ឲ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងឱកាសនេះដែរ លោកមេបញ្ជាការរង បានយកអំណោយមួយចំនួនរួមមានគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ចែកជូនដល់កងកម្លាំងផងដែរ ៕

ដោយ៖សូរិយា


ចែករំលែក៖