ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរៈសេនីយ៍ឯក តាន់ គារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានដឹកនាំ និងបញ្ជាផ្ទាល់លើកងកម្លាំងក្រោមឱវាទ ចុះបង្រ្កាបមុខសញ្ញារក្សាទុកប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនចំនួន៦នាក់ ដកហូតនូវម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ឧបករណ៍ផ្សេងៗ និងអាវុធចំនួន២ដើម ។
ការចុះបង្រ្កាបខាងលើធ្វើឡើងនារសៀលអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមល់ចាស់ ស្ថិតនៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា លទ្ធផលក្នុងកិច្ចប្រត្តិបត្តិការខាងលើ កម្លាំងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន៦នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
ទី-១ ឈ្មោះ ជឿន តូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
ទី-២ ឈ្មោះ កាន រ៉ន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ
ទី-៣ ឈ្មោះ ហុន តូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ
ទី-៤ ឈ្មោះ ហុន ង៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ
ទី-៥ ឈ្មោះ ឆេន រិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំងចំនួន៥នាក់ រស់នៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ទី-៦ ឈ្មោះ មឿន វិច្ឆិកា ហៅម៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា ក្នុងនោះដកហូតនូវឧបករណ៍ និងសម្ភារៈដែលជាវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់ តូចចំនួន១កញ្ចប់ ស្មើនឹងចំនួន២៣.៥១ក្រាម ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ ជញ្ជីងសង្ស័យសម្លាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ថង់ផ្លាស្ទិចមួយចំនួន ទូរស័ព្ទចំនួន៣គ្រឿង កាំភ្លើងកែច្នៃចំនួន១ដើម កាំភ្លើងម៉ាក M16 ចំនួន១ដើម មានបង់ចំនួន២ មានគ្រាប់ចំនួន២០គ្រាប់ ។
ប្រភពពីមន្រ្តីនគរបាលដដែលបញ្ជាក់បន្ថែមបន្តទៀតថា ជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារៈទាំងអស់ បញ្ជូនទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕
ដោយ៖ បុឹម ពិន