ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលលុបច្បាប់ហាមប្រាមជនបរទេសចូលក្នុងទឹកដីរបស់ខ្លួន

ចែករំលែក៖

អុីស្រាអែល នៅថ្ងៃទី៨ ខែមីនា បានលុបច្បាប់ហាមប្រាមជនបរទេសចូលក្នុងប្រទេសរបស់ខ្លួន ក្រោយការអនុវត្ត៣ខែកន្លងមក ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលកម្មវិធីចាក់វ៉ាក់សាំងក្នុងប្រទេសនេះដល់ពលរដ្ឋបានច្រើន ។ នាយករដ្ឋមន្ត្រីអុីស្រាអែល បានប្រកាសថា រាល់ការហាមប្រាមទាំងឡាយពាក់ព័ន្ធកូវីដ-១៩ ត្រូវបានលុបចោល សង្គមនៅក្នុងប្រទេសអុីស្រាអែលងាកមកធម្មតាវិញ។
ប៉ុន្តែ អុីស្រាអែលអនុញ្ញាតឲ្យពលរដ្ឋចូលមកប្រទេសនេះតែ ៣០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ អុីស្រាអែលបានផ្តល់អាទិភាពសម្រាប់ពលរដ្ឋអុីស្រាអែលវិលមកប្រទេសវិញ ក្នុងពេលការបោះឆ្នោតជាតិនឹងធ្វើឡើងនៅថ្ងៃទី២៣ខែមីនា ។
កាលពីខែមីនាឆ្នាំ២០២០ អុីស្រាអែលបានហាមប្រាមពលរដ្ឋបរទេស ចូលក្នុងទឹកដីអុីស្រាអែលដោយខ្លាចឆ្លងកូវីដ-១៩ ហើយនៅខែកក្កដា ឆ្នាំ២០២០ ច្បាប់ហាមប្រាមត្រូវបានបន្ធូរបន្ថយវិញ ។ ប៉ុន្តែនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២០ច្បាប់ហាមប្រាមបានអនុវត្តសាជាថ្មី ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងក្នុងប្រទេសនេះ។

នៅថ្ងៃទី២៦ខែមករា ឆ្នាំ២០២១ អុីស្រាអែលបានបិទ អាកាសយានដ្ឋានអន្តរជាតិ Ben Gurion ដើម្បីកាត់បន្ថយការឆ្លងកូវីដ-១៩ប្រភេទថ្មី។ កាលពីថ្ងៃទី ៧ខែមីនា ពលរដ្ឋអុីស្រាអែល ១ពាន់នាក់ទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់មកស្រុកវិញក្រោយជាប់គាំងនៅក្រៅប្រទេសដោយសារតែការបិទអាកាសយានដ្ឋាន។
កាលពីខែធ្នូឆ្នាំ២០២០ អុីស្រាអែល បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយមកទល់ពេលនេះមានពលរដ្ឋជាង៣,៧លាននាក់ហើយបានចាក់វ៉ាក់សាំងពីរម្ជុល និងជាង៥លាននាក់ចាក់បានមួយដូសដំបូង។ ពលរដ្ឋអុីស្រាអែលដែលមានកាតបៃតង (សម្គាល់ចាក់វ៉ាក់សាំងរួច) ទទួលបានការអនុញ្ញាតទៅកាន់តំបន់ផ្សេងៗនៅក្នុងប្រទេស ៕ ដោយ៖ធីរីណា

រូបភាព៖AFP/ TTXVN


ចែករំលែក៖