ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ចុះពិនិត្យមណ្ឌលចត្តាឡីស័កក្នុងអគារអន្តេវាសិកដ្ឋាន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងចុះសួរសុខទុក្ខពលករជាង១០០នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ

ចែករំលែក៖

ខេត្តតាកែវ៖ បើយោងតាម ប្រភពពីរដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, លោក អ៊ូច ភា អភិបាលខេត្ត នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ព្រមទាំងសួរសុខទុក្ខពលករជាង១០០នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ។

ក្នុងឱកាសចុះពិនិត្យនឹងសាកសួរសុខទុក្ខពលករនេះដែរ លោក អ៊ូច ភា អភិបាល ខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំទៅដល់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងកំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការសម្តេចតេជោ ហ៊ុន សែន ៣កុំ និង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងចូលសហគមន៍របស់យើង។
ជាមួយគ្នានេះដែរ លោក អ៊ូច ភា ក៏បានណែនាំបន្ថែម ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់ លើការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃ ត្រូវអនុវត្តអោបានល្អប្រសើរ ដើម្បីអោយសហគមន៍របស់យើងយកឈ្នះកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖