ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​បាតុករមីយ៉ាន់ម៉ារាប់រយនាក់​ ក្រោយ​កងកម្លាំងសន្តិសុខឡោមព័ទ្ធតាំងតែពីយប់ ​អនុញ្ញាតឲ្យត្រលប់ទៅផ្ទះពួកគេវិញហើយ

ចែករំលែក៖

      អន្តរជាតិបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC​បាននិយាយថាក្រុមបាតុករមីយ៉ាន់ម៉ារាប់រយនាក់ ដែលត្រូវបានកងកម្លាំងសន្តិសុខឡោមព័ទ្ធ នៅក្នុងសង្កាត់សានឆង (Sanchaung) នៃទីក្រុងរ៉ង់ហ្គូនតាំងតែពីយប់ថ្ងៃចន្ទទី៨មីនាត្រូវបានអនុញ្ញាតឲ្យចាកចេញទៅផ្ទះរបស់ពួកគេវិញហើយ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១នេះ។

បើតាមសម្តីបាតុករម្នាក់ក្នុងចំណោមបាតុករដែលមានគ្នាសរុប ២០០នាក់ដែលត្រូវបានកងកម្លាំងសន្តិសុខឡោមព័ទ្ធ នៅក្នុងសង្កាត់សានឆង(Sanchaung) នៃទីក្រុងរ៉ង់ហ្គូនកាលពីយប់ថ្ងៃចន្ទម្សិលមិញនេះបានប្រាប់សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារទី០៩ ខែមីនានេះថា៖រូបលោកអាចចាកចេញពីកន្លែងឡោមព័ទ្ធ ក្រោយកងកម្លាំងសន្តិសុខ បានដកចេញនៅព្រឹកមិញនេះ ហេីយមនុស្សសរុប ៤០នាក់ ត្រូវបានចាប់ខ្លួន។ ប៉ុន្តែអ្នកដែលនៅសេសសល់នៅតែបន្តលាក់ខ្លួន រហូតដល់ព្រឹកមិញនេះ ទើបអាចចាកចេញបាន។

ដោយឡែកបាតុករម្នាក់ផ្សេងទៀត ក៏បានសរសេរសារបង្ហោះលើ Twitter ផងដែរថា៖ រូបនាងបានត្រឡប់ទៅដល់ផ្ទះដោយសុវត្ថិភាពបន្ទាប់ពីជាប់ខ្លួនពេញមួយយប់ នៅក្នុងសង្កាត់ សានឆង ហើយអ្នកដែលបានសម្ងំលាក់ខ្លួនជាមួយនាង ក៏មានសុវត្ថិភាពដូចគ្នា។

ជុំវិញករណីនេះដែរបើតាមលោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បាតុករភាគច្រើនដែលត្រូវបានឡោមព័ទ្ធ នៅក្នុងសង្កាត់សានឆង គឺជាស្ត្រីដែលនាំគ្នាចូលរួមក្នុងក្បួនដង្ហែរគាំទ្រដល់ថ្ងៃទិវាសិទ្ធិនារី មីនា កាលថ្ងៃចន្ទម្សិលមិញ ដែលប្រឆាំងនឹងបម្រាមរបស់អាជ្ញាធរ៕ដោយ៖សតារា

រូបភាព​៖ក្រុម​បាតុករ​ធ្វេីបាតុកម្មប្ររដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា

រូបថត​៖AFP

 


ចែករំលែក៖