ព័ត៌មានទាន់ហេតុការណ៍៖

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងនិងក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវលំក្នុងភូមិគោល្វៀង ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក វណ្ណ សុមុន្នី អភិបាលរងតំណាងលោក លឹម សៀងហេង អភិបាលក្រុងបាវិតបានចុះពិនិត្យការស្ថាបនាជួសជុលផ្លូវលំមួយខ្សែប្រវែង ទទឹង5ម៉ែត្រ បណ្តោយប្រវែង582ម៉ែត្រស្ថិតនៅភូមិគោល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក ទិត្យ សុផល ចៅសង្កាត់រងទី១ព្រៃអង្គុញរួមទាំងលោកលោកស្រីក្រុមការងារមួយចំនួនផងដែរ។

លោក វណ្ណ សុមន្នី អភិបាលរងក្រុងបាវិតបានអោយដឹងថាក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីលោកលឹម សៀងហេងអភិបាលក្រុងបាវិតតែងតែគិតគូរដល់សុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាននានានិងដោះស្រាយរាល់ការសំណូមពរ។

លោកបន្តថាជាក់ស្តែងផ្លូវលំមួយខ្សែនេះដែលស្ថិតក្នុងភូមិគោល្វៀង សង្កាត់ព្រៃអង្គុញ គឺមានប្រវែង582ម៉ែត្រដោយចាក់ក្រាលគ្រួសដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ដោយនាពេលកន្លងមកផ្លូវនេះជាផ្លូវលំដែលបានឆ្លងកាត់តាមភូមិខណៈនារដូវវស្សាត្រូវលិចទឹកជាប្រចាំទើបលោកអភិបាលក្រុងបានចាត់អោយក្រុមការងារក្រុងអាជ្ញាធរសង្កាត់ ភូមិចុះពិនិត្យនិងធ្វើការជួសជុលស្ថាបនាជូនដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាសំដៅធ្វើយ៉ាងណាដោះស្រាយជូនដល់ប្រជាពលរដ្ឋអោយទាន់ពេលវេលានិងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

លោក វណ្ណ សុមុន្នី ក៏បានថ្លែងអំណរគុណដល់លោក ហូ វុទ្ធីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ព្រៃអង្គុញដែលបានជួយឧបត្តមជាថវិកា និងម្ចាស់អាជីវកម្មដឹកដីដែលបានជួយគ្រឿងចក្រសម្រួលក្នុងឈួសឆាយធ្វើផ្លូវមួយខ្សែនេះផងដែរ។

លោកបន្ថែមថាក្នុងនាមអាជ្ញាធរក្រុងបាវិតអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលផ្លូវមួយខ្សែនេះហើយត្រូវនាំគ្នាចូលរួមថែរក្សាព្រោះវាជាសម្បត្តិរួមដោយមិនមានជារបស់បុគ្គលនោះទេ ជាពិសេសពេលបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងចេះយោគយល់និងអធ្យាស្រ័យអោយគ្នាទៅវិញទៅមកដូចពាក្យស្លោក(ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍)។

ដោយ៖យឹម សុថាន


ចែករំលែក៖