ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ០១នាក់ លក់សំលៀកបំពាក់នៅផ្សារបាត់ដឹង នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងអ្នកលក់សំលៀកបំពាក់ក្នុងផ្សារបាត់ដឹងក្នុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មេត្តាជ្រាបថា មានស្ត្រីម្នាក់ ជាអាជីវករដែលមានវិជ្ជមានជំងឺកូវីដ-១៩ ហើយ បច្ចុប្បន្នបាននិងកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ ដោយនៅថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ចន្លោះវេលាម៉ោង១៣:០០ដល់ម៉ោង១៦:០០រសៀល អាជីវករខាងលើ បានយកសំលៀក បំពាក់មកលក់នៅក្នុងផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការបិទតូបលក់ដូរសំលៀកបំពាក់ក្នុង ផ្សារបាត់ដឹងចំនួន ១២តូប ជាបណ្តោះអាសន្ន ហើយក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ បានចុះយកសំណាកអាជីវករចំនួន ២៥ នាក់ (១៧ នាក់រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង នាក់ រស់នៅខេត្តកណ្តាល -ស្រុកពញាឮ ៣នាក់ និង ស្រុកអង្គស្នួល ៥នាក់» ) និងបានរៀបចំបញ្ជូន ពួកគាត់មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីធ្វើការតាមដានសុខភាពជាបន្ត ផងដែរ។ រដ្ឋបាលខេត្តក៏បានចាត់តាំងក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដីស្រុក ឃុំ និង ភូមិ ចុះទៅធ្វើ ការស្រាវជ្រាវបន្ទាន់ ហើយបានឱ្យអ្នកដែលមានជាប់ពាក់ព័ន្ធធ្វើចត្តាឡីស័ក ដោយដាក់ខ្លួនឯងនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។
ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងករណីខាងលើ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ៣ការពារ ។ ក្នុងករណីមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់ករ ឬ រោគសញ្ញាសង្ស័យណាមួយ សូមមេត្តារួសរាន់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅដ្ឋានបងប្អូនរស់នៅ ព្រមទាំងរាយការណ៍បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តយ៉ាងម៉ឺង ម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ ៕

ដោយ៖ សិលា


ចែករំលែក៖