ខេត្តត្បូងឃ្មុំ ៖ ទីតាំងលួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់) នៅចំណុចព្រៃចម្ការកៅស៊ូមួយកន្លែងត្រូវបាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកស្រុកពញាក្រែកធ្វើការបង្រ្កាប។
ប្រតិបត្តការនេះធ្វើឡើងនៅវេលាម៉ោង១៣៖៤៥នាទី ថ្ងៃទី០៩ខែមីនាឆ្នាំ២០២១ នៅចំណុចព្រៃចម្ការកៅស៊ូ ស្ថិតក្នុងភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែកបានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់អំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដាក់ផែនការបញ្ជាដោយផ្ទាល់ដល់កម្លាំងការិយាល័យជំនាញខេត្ត ចុះជួយស្រុកពញាក្រែក សហការជាមួយ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកពញាក្រែក បានចុះបង្ក្រាបទីតាំងលួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់) នៅចំណុចព្រៃចម្ការកៅស៊ូ ស្ថិតក្នុងភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកអធិការបានបន្តថា ជាលទ្ធផលពេលសមត្ថកិច្ចទៅដល់ អ្នកលេងល្បែងបញ្ជល់មាន់ទាំងអស់បានរត់ចែកជើងគ្នាគេចខ្លួនបាត់អស់ បន្សល់ទុកតែវត្ថុតាង នៅកន្លែងហេតុ រួមមាន៖
១.ម៉ូតូចំនួន៦គ្រឿង (ចាស់)
២.មាន់ចំនួន២ក្បាល (រស់)
៣.ស៊ុុមក្រុងមាន់ចំនូន២
៤.កៅអីជ័រពណ៌ក្រហមចំនួន២
៥.សម្ភារៈបម្រើឱ្យមាន់ជល់មួយចំនួន។
ចំពោះ វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖ វណ្ណៈ