ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៩នាក់ និងមានអ្នកជាសះស្បេីយចំនួន ២១នាក់ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, រហូតដល់ម៉ោង ១និង៣០រសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញជំងឺកូវីដ-១៩ ចំនួន ៤៩នាក់ ក្នុងនោះ ឆ្លងសហគមន៌ ៤៨នាក់ និងករណីនាំចូល ១នាក់ (ភ្នំពេញ ២៤នាក់ ខេត្តព្រះសីហនុ ១២នាក់ ខេត្តព្រៃវែង ១១នាក់ និងខេត្តកណ្តាល ២នាក់) ដូច្នេះចំនួនសរុបកេីន ១០៦០នាក់ ៕
ដោយ៖ សិលា