ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងគ្រឿងញៀន។ហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់កាលពីវេលាម៉ោង ១១:០០នាទីថ្ងៃទី៩ខែមីនាឆ្នាំ២០២១  ស្ថិតនៅចំណុចភូមិស្រែព្រីង ឃុំស្វាយរំពារ ។

  សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើមាន៖

១-ឈ្មោះ ហេង ភារៈ ភេទប្រុស អាយុ ២៤ឆ្នាំ, ២-ឈ្មោះ ង៉ែត រាជ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង២នាក់នៅភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ, ៣-ឈ្មោះ សែត សុភាក់ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ និង៤-ឈ្មោះ សឿន សីហា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១៦កញ្ចប់ (១៣តូច , ១មធ្យម និង២ធំ), ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ទូរស័ព្ទដៃ២គ្រឿង , ដាវ៥ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

 បច្ចុប្បន្នជនសង្ស័យទាំង៤ខាងលើព្រមទាំងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖