ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបណ្តាញសារព័ត៌មាន ខ្មែរប៉ុស្តិ៍ ដែលបានផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារចំណងជើងថា ៖ ជនជាតិចិន០៩នាក់ សង្ស័យផ្ទុកកូវីដ-១៩ នៅជ្រៃធំប្រុងរត់គេចមកទីក្រុងភ្នំពេញតែត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេដទាំងស្រុងចំពោះសារព័ត៌មាន ខ្មែរប៉ុស្តិ៍ ដែលបានចុះផ្សាយខ្លឹមសារខាងលើ គឺជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ជាព័ត៌មានបែបបំពុលសង្គមតែប៉ុណ្ណោះ។
ជាក់ស្តែងចំនួនអ្នកដែលកំពុងធ្វើចត្តាឡីស័កទាំងជនជាតិខ្មែរយើង និងបរទេស គឺនៅគ្រប់ចំនួនដដែល ពុំមានបាត់វត្តមាននរណាម្នាក់ទេ។
ក្រោមការដឹកនាំផ្ទាល់ បញ្ជាផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយការទទួលខុសរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងក្រោមឱវាទរបស់ស្នងការដ្ឋានបានកំពុងយកចិត្តទុកដាក់បម្រើ ការពារ និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតទាំងអ្នកកំពុងធ្វើចត្តាឡីស័ក ទាំងអ្នកដែលមានមុខសញ្ញាពាក់ព័ន្ធជំងឺកូវីដ-១៩នេះ។
សូមបញ្ជាក់ជូនថា ចំពោះជនជាតិចិន០៩នាក់ ដែលខេត្តតាកែវចាប់បាននេះ មិនមែនរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅជ្រៃធំនោះទេ។ ចំណែកសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏ចាប់បានជនជាតិចិនចំនួន០៣នាក់ដែរ គឺជាក្រុមតែមួយ ប៉ុន្តែមិនទាន់ដឹងរត់ចេញពីប្រភពណាឱ្យច្បាស់នៅឡើយ ជំនាញកំពុងបន្តនីតិវិធី។
អាស្រ័យហេតុនេះសូមបណ្តាញសារព័ត៌មាន និងសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕
ដោយ៖ សិលា