ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកមានអ្នកជាសះស្បើយ ពីកូវីដ-១៩ជាង៩៤លាននាក់, ចិនផ្តល់លិខិតឆ្លងដែនវ៉ាក់សាំងជូនពលរដ្ឋ

ចែករំលែក៖

ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោក មានមនុស្ស៣៦៦ពាន់នាក់ឆ្លងកូវីដ-១៩ និងស្លាប់៨២០០នាក់ ដោយកូវីដ -១៩។ តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតមកដល់ម៉ោង៧ព្រឹកថ្ងៃទី១០ ខែមីនា២០២១ នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ១១៨ លាននាក់ និងស្លាប់ជាង ២,៦លាននាក់។
ការឆ្លងរាលដាលកូវីដ-១៩ ជាលើកដំបូង នៅទីក្រុងវូហានប្រទេសចិន កាលពីចុងឆ្នាំ២០១៩ មកទល់ពេលនេះកូវីដ-១៩ បានឆ្លងរាលដាលដល់ប្រទេសជាង ២១៩ ប្រទេសហើយ។
ប្រេស៊ីលគឺជាប្រទេសដែលមាន ករណីឆ្លងច្រើនជាងគេ ក្នុងរយៈពេល២៤ម៉ោង ដោយមានអ្នកឆ្លងជាង៦៧ពាន់នាក់ និងស្លាប់ជាង ១៧០០នាក់ ។
អាមេរិកឈរលំដាប់ទីពីរ ពីករណីឆ្លងក្នុងរយៈពេល២៤ម៉ោងកន្លងមកដោយមានតែ ៤៨ពាន់នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ និងស្លាប់១៤២៦នាក់ ។ សរុបអ្នកឆ្លងនៅអាមេរិកមានដល់ទៅជាង២៩,៨លាននាក់ និងស្លាប់ជាង ៥៤០ពាន់នាក់។
នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចផ្តល់លិខិត បញ្ជាក់ពីស្ថានភាពសុខភាព និងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់ដល់ពលរដ្ឋដែលអាចធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេសបានគ្រប់ពេល។ នៅលើបណ្តាញសង្គម Wechat ក្រសួងការបរទេសចិន បានប្រកាសជាផ្លូវការថា ចិនបានផ្តល់លិខិតទទួលស្គាល់សុខាភិបាល ដើម្បីជួយដល់ពលរដ្ឋអាចធ្វើដំណើរទៅក្រៅប្រទេសបាន។
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានបញ្ជាក់ថា ចិននឹងចាប់ផ្តើមផ្តល់លិខិតចាក់វ៉ា់ក់សាំងកូវីដ-១៩ ដល់ពលរដ្ឋដែលបានចាក់រួចរាល់ដើម្បីអាចធ្វើដំណើរទៅក្រៅប្រទេស។ ផ្ទុយទៅវិញ ពលរដ្ឋមកពីក្រៅប្រទេសចាំបាច់ត្រូវតែមានលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួចរាល់ទើបអាចចូលទៅកាន់ប្រទេសចិនផងដែរ៕

ដោយ៖ ធីរីណា (រូបភាព៖Reuters )


ចែករំលែក៖