គ្រាប់បាល់នៅនាទីទី១១៥ក្នុងម៉ោងបន្ថែមរបស់កីឡាករ Sergio Oliveira បានធ្វើឱ្យក្រុម Juventus ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលជាគ្រាប់បាល់ធ្វើឲ្យក្រុម Porto រកបានក្រៅដីក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២នៃក្របខ័ណ្ឌ Champions League ។ គ្រាប់បាល់នេះធ្វើឲ្យក្រុម Porto កក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយក្រោយពីប្រកួតទាំង២ជើងជាមួយក្រុម Juventus ក្នុងលទ្ធផល ៤ទល់៤ ប៉ុន្តែ Porto មានគ្រាប់បាល់ចំណេញក្រៅទឹកដីច្រើនជាង។
តាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១០ មីនានេះបានបង្ហាញលទ្ធផលថា ការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២នៃក្របខ័ណ្ឌ Champions League រវាងក្រុមម្ចាស់ផ្ទះសេះបង្កង់ Juventus នឹងក្រុម Porto ដោយក្នុងតង់ទី១ ក្រុមភ្ញៀវ Porto រកបាន១គ្រាប់នាំមុខនៅនាទីទី១៩ ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ។ ប៉ុន្តែនៅនាទីទី៤៩ក្នុងតង់ទី២ កីឡាករ Federico Chiesa រកបាន១គ្រាប់តាមស្មើវិញ និងនៅនាទីទី៦៣ រកបាន១គ្រាប់ទៀត។
ការប្រកួតបានចូលដល់ម៉ោងបន្ថែម កីឡាករ Sergio Oliveira របស់ក្រុម Porto រកបាន១គ្រាប់បន្ថែមទៀត ក្នុងការស៊ុតបាល់
ហ្វ្រីឃីតយ៉ាងស្អាតពីចម្ងាយ ហើយនៅនាទីទី១១៧ កីឡាករ Adrien Rabiot រកបាន១គ្រាប់បន្ថែមធ្វើឲ្យចប់ការប្រកួតលទ្ធផលគឺក្រុម Juventus ឈ្នះក្រុម Porto ៣ទល់២។ ប៉ុន្តែការឈ្នះនេះគឺមិនអាចជួយឲ្យក្រុម Juventus ឡើងទៅវគ្គ៨ក្រុមបានទេ ដោយសារការប្រកួតជើងទី១ ក្រុម Porto យកឈ្នះ២ទល់១។ ដូច្នេះសរុបទាំង២ជើងគឺ ៤ទល់៤ ហើយក្រុម Porto មានគ្រាប់បាល់ចំណេញក្រៅទឹកដីរហូតដល់ទៅ២គ្រាប់ ខណៈក្រុម Juventus មានតែ១គ្រាប់ប៉ុណ្ណោះ។
លទ្ធផលនេះធ្វើឲ្យក្រុម Porto កក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Champions League នៅរដូវកាលនេះ ដែលជាក្រុមមកពីព័រទុយហ្គាល់ដំបូងគេក្នុងការឡើងទៅកាន់វគ្គនេះ។
ចំណែកក្រុមខ្លាំងមកពីអាល្លឺម៉ង់ Dortmund បានកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយដែរ ក្រោយពីប្រកួតស្មើជាមួយក្រុមភ្ញៀវ Sevilla ២ទល់២។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធឆ្នើមErling Braut Haaland នៅនាទីទី៣៥ និងនាទីទី៥៤ ដោយបាល់ពិន័យ១១ម៉ែត្រ រីឯក្រុម Sevilla វិញរកបានដោយកីឡាករ Youssef En-Nesyri ទាំង២គ្រាប់ដែរគឺនៅនាទីទី៦៨ និងនាទីទី៩០+៦ (បាល់ពិន័យប៉េណាល់ទី) ក្នុងម៉ោងបន្ថែម។
លទ្ធផលនេះធ្វើឲ្យក្រុម Dortmund កក់កៅអីទៅកាន់វគ្គ៨ក្រុម បើទោះបីស្មើជាមួយក្រុម Sevilla ក្នុងជើងទី២ ក៏ដោយ ព្រោះកាលពីប្រកួតជើងទី១ក្នុងទឹកដី Sevilla ក្រុម Dortmund បានប្រកួតឈ្នេះក្នុងលទ្ធផល ៣ទល់២។ ដូច្នេះសរុបទាំង២ជើងគឺDortmund ឈ្នះ៥ទល់៤។
សូមបញ្ជាក់ថា Dortmund បានឈានដល់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីរដូវកាល ២០១៦-២០១៧ ហើយនឹងរកឃើញគូប្រជែងរបស់ពួកគេនៅពេលការចាប់ឆ្នោតធ្វើឡើងនៅថ្ងៃទី១៩ ខែមីនាខាងមុខនេះ ៕ដោយ៖ភារៈ