ខេត្តកំពង់ចាម ៖ រដ្ឋបាលស្រុកបាធាយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះបានប្រកាស ព័ត៌មានពិសេសប្រជាពលរដ្ឋរស់នៅតំបន់ផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បន្ទាប់ពីរកឃើញករណីវិជ្ជមាននារីជនជាតិខ្មែរ ឈ្មោះ លន់ រ៉ែម ភេទស្រី អាយុ៤២ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានមកលក់ខោអាវនៅផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។
រដ្ឋបាលស្រុកបាធាយសូមរៀបរាប់ដំណេីរ រឿងដូចតទៅ ៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ព្រឹក នារីម្នាក់នេះបានមកលក់ខោអាវនៅផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ បន្ទាប់ពីទទួលបានព័ត៌មាននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ អំពីករណីនារីម្នាក់នេះមានវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅព្យាបាលជំងឺនៅសណ្ឋាគារ The Great Duke។
ជាមួយគ្នានេះ គណៈអភិបាលស្រុក បានដឹកនាំមន្ត្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវបន្ទាន់ពាក់ព័ន្ធករណីនេះ៖
១.អំពីប្រវត្តិធ្វើដំណើរនារីម្នាក់នេះ៖
-នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នារីម្នាក់នេះ បានធ្វើដំណើរមកលក់ដូរខោអាវនៅចំណុចផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
-នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នារីម្នាក់នេះមានវិជ្ជមានកូវីដ-១៩ នឹងបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke។
២.អ្នកពាក់ព័ន្ធនារីម្នាក់នេះផ្ទាល់៖
-លោកស្រី វ៉ាត សាឡី ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ
-លោកស្រី ណុប វឌ្ឍនា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ
-លោកស្រី ខន មួយគីម ភេទស្រីអាយុ៤០ឆ្នាំ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ។
បន្ទាប់ពីបានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ទាំង៣នាក់ ខាងលើ រដ្ឋបាលស្រុកបាធាយ បានចាត់ឲ្យមន្ត្រីសុខាភិបាលនាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីបន្តតាមដាន និងយកសំណាកទៅពិនិត្យ។
រដ្ឋបាលស្រុកបាធាយ សូមអំពាវនាវ ដល់អ្នកដែលបានពាក់ព័ន្ធនឹងនារីខាងលើ តាមពេលវេលា និងទីកន្លែងដែលបានបញ្ជាក់ជូនខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកបាធាយ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយគ្នានេះ សូមអំពាវនាវដល់បងប្អូនដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយរដ្ឋបាលស្រុកបាធាយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ដោយឡែកបងប្អូន៍ដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងនារីខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារនិងការពារសហគមន៍ឲ្យជៀសផុតពីជំងឺកូវីដ-១៩នេះ ៕ដោយ៖វណ្ណៈ