ខេត្តកោះកុង៖ បេីយោងតាមលិខិតរបស់អភិបាលក្រុងខេមរភូមិន្ទ ផ្ញើទៅកាន់មេឃុំ និងចៅសង្កាត់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា៖ អាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបញ្ជាឲ្យផ្អាកកម្មវិធីខួបកំណើត អាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។
ជាក់ស្ដែងលិខិតរបស់អភិបាលក្រុងខេមរភូមិន្ទ ផ្ញើទៅកាន់មេឃុំចៅសង្កាត់ក្នុងក្រុងនេះ បានបញ្ជាក់ថា កម្ពុជាកំពុងជួបប្រទះការឆ្លងជំងឺកូវីដ១៩ ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន។ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺរាលត្បាលមួយនេះទាំងអស់គ្នា។
សូមជម្រាបថា បេីគិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់៕ដោយ៖សហការី