ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានករណីរថយន្តតាក់ស៊ីចំនួន០៣គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បានបើកគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ដោយវាងទៅតាមផ្លូវល្បឿនលឿន ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកំពង់សីលា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោ៖
១.ឈ្មោះ កុច វ៉ាន់ណាក់ ភេទប្រុស អាយុ ២៧ឆ្នាំ បើកបររថយន្ដម៉ាកស៊ីណា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BF -6375 គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ មានដឹកមនុស្ស១នាក់ប្រុស (ខ្មែរ) និងឥវ៉ាន់មានគ្រឿងសមុទ្រ ៦កេះ។ បានបើកបរវាងតាមផ្លូវល្បឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។
២.ឈ្មោះ ចាន់ គឹមហ៊ាន ភេទប្រុស អាយុ ៣៨ឆ្នាំ បើកបររថយន្ដស្ដារិច ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC -8943 ដឹកមនុស្សចំនួន ៣នាក់ ស្រី ០១នាក់ ប្រុស ០២នាក់ (ខ្មែរ) និងឥវ៉ាន់មាន អង្ករកន្លះបាវ ប្រហុកដាក់ថង់ខ្មៅមួយកញ្ចប់។ បានបើកបរវាងតាមផ្លូវល្បឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។
៣. ឈ្មោះ ហួត សុផារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ បើកបររថយន្ដម៉ាកហាយលេនដឺ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-2002 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកមនុស្សពីរនាក់ប្ដីប្រពន្ធ (ខ្មែរ) និងឥវ៉ាន់មាន ឆ្នាំងបាយអគ្គិសនី ២គ្រឿង ទូរទស្សន៍ ១គ្រឿង ម៉ាកសាប ។ បានបើកបរវាងតាមផ្លូវល្បឿនលឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។
រថយន្ដទាំង០៣ខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។
សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕
ដោយ៖ សិលា