ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលឥណ្ឌា ចេញមកបដិសេធថា៖ មិនមានការខ្វះខាតវ៉ាក់សាំងកូវីដ-១៩ ក្នុងប្រទេសឡើយ

ចែករំលែក៖

អន្តរជាតិក្រោយរដ្ឋ Rajasthan នៅភាគពាយព្យនៃប្រទេសឥណ្ឌាស្នើសុំវ៉ាក់សាំងកូវីដ១៩បន្ថែម ស្របពេលកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋចាប់ផ្ដើមមានសម្ទុះខ្លាំង។រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១បានចេញមកបដិសេធថា៖មិនមានការខ្វះខាតវ៉ាក់សាំងកូវីដ១៩ក្នុងប្រទេសឡើយ ជាក់ស្ដែងទីក្រុងញូវដែលីក៏បានអះអាងដែរថា រដ្ឋាភិបាលកណ្ដាលកំពុងផ្គត់ផ្គង់វ៉ាក់សាំងទៅទូទាំងប្រទេស ដោយផ្អែកលើតម្រូវការនិងការប្រើប្រាស់របស់ប្រជាជន។

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថារដ្ឋRajasthan ដែលនៅភាគពាយព្យ នៅសប្តាហ៍នេះ បានក្លាយជារដ្ឋដំបូងគេក៏ប្រកាសរកវ៉ាក់សាំងដើម្បីបំពេញបន្ថែមតម្រូវការក្នុងរដ្ឋរបស់ខ្លួន។ ប៉ុន្ដែតម្រូវការវ៉ាក់សាំងបានកើនឡើងនៅឥណ្ឌា បន្ទាប់ពីការចាប់ផ្តើមយឺតយ៉ាវនៅដំណាក់កាលដំបូង ពេលដែលប្រជាជនហាក់នៅស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទទួលយកការចាក់វ៉ាក់សាំង។

ឥណ្ឌាដែលជាប្រទេសផលិតឱសថដ៏ធំរបស់ពិភពលោក បេីគិតត្រឹមថ្ងៃទី៩ខែមីនាម្សិលមិញនេះបានផ្តល់វ៉ាក់សាំងចំនួន២៣លានដូសដល់ប្រជាជនខ្លួនប្រមាណ១៧លាននាក់មកហើយតាមរយៈកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេសដែលចាប់ផ្តើមតាំងពីពាក់កណ្តាលខែមករាមក។ឥណ្ឌា ក៏បានបរិច្ចាគនិងលក់វ៉ាក់សាំងទៅឱ្យប្រទេសដទៃទៀត ដែលធ្វើឱ្យមានការរិះគន់ខ្លះថារដ្ឋាភិបាលមិនគិតគូរប្រជែងរបស់ខ្លួន។

បេីយោងតាមក្រសួងសុខាភិបាលឥណ្ឌាក៏បានអះអាងដែរថា មិនមានការខ្វះខាតវ៉ាក់សាំងនៅក្នុងរដ្ឋ Rajasthan ឬកន្លែងផ្សេងទៀតនៅក្នុងប្រទេសឡើយ។ ក្រសួងបន្តថា រដ្ឋ Rajasthan មានប្រជាជនប្រហែល ៧០ លាននាក់ ហើយនៅរដ្ឋនេះមានសល់វ៉ាក់សាំងចំនួន , លានដូសទៀតគិតត្រឹមយប់ថ្ងៃទី៩ ខែមីនា។

ជាមួយគ្នានេះក្រសួងសុខាភិបាលឥណ្ឌា បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកណ្តាលកំពុងត្រួតពិនិត្យយ៉ាងទៀងទាត់ ការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងរដ្ឋទាំងអស់ និងដែនដីសហព័ន្ធនានា ដោយការផ្តល់វ៉ាក់សាំងគ្រប់ដូស ធ្វើតាមតម្រូវការ និងការប្រើប្រាស់របស់ប្រជាជន។

គួរបញ្ជាក់ថារដ្ឋាភិបាលឥណ្ឌា តាមគម្រោងចង់ចាក់វ៉ាក់សាំងឲ្យប្រជាជនចំនួន៣០០លាននាក់ នៃប្រជាជនសរុបរបស់ខ្លួនទាំងជាង១,៣៥ពាន់លាននាក់នៅខែសីហា ក្នុងឆ្នាំ២០២១នេះ។ ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងវ៉ាក់សាំងCovaxin ដែលផលិតក្នុងស្រុកដោយក្រុមហ៊ុន Bharat Biotech

ដោយ៖សតារា​(រូបថត​៖AFP)

 


ចែករំលែក៖