ព័ត៌មានទាន់ហេតុការណ៍៖

កោតតែមិនខ្លាចស្លាប់ ! មិនគិតពីជីវិតអ្នកដទៃ ! រឹងមែនទែនក្នុងករណីបន្តលួចបើករថយន្តគេចចេញពីខេត្តព្រះសីហនុ ?

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ហួសនឹងថ្លែង កោតតែមិនខ្លាចស្លាប់ ! មិនគិតពីជីវិតអ្នកដទៃ ! រឹងមែនទែនក្នុងករណីបន្តលួចបើកឡានគេចចេញពីខេត្តព្រះសីហនុ ? ។

រដ្ឋបាលខេត្តសូមជម្រាបជូន, កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង មានគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកំពង់សីលា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោ៖

១.ឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ បើកបររថយន្តដឹកទំនិញ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1571 គោលដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ មកដល់ចំណុចចំការដូងប្រេង ត្រូវបាន មនុស្សប្រុស ០៣ នាក់(ជនជាតិខ្មែរ) ឃាត់រថយន្តជិះ ដោយសារម៉ូតូរបស់ពួកគេបែកកង់ជិះមិនកើត ហើយក៏បន្តដំណើរទៅមុខទៀតតាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក រថយន្តដឹកទំនិញនោះបានបើកបរវាងតាមផ្លូវល្បឿន លឿនក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ទុកដើម្បីធ្វើការសួរនាំ ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ក្រោយវិញ។

២.ឈ្មោះ សាម ស្រ៊ុន ភេទប្រុស អាយុ ៥៦ ឆ្នាំ បើកបររថយន្ត ០១ គ្រឿង ម៉ាក High Lander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7577 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកអ្នកដំណើរចំនួន ០៣ នាក់ប្រុស(ជនជាតិខ្មែរ) មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក សមត្ថកិច្ចបានឃាត់រថយន្តគាត់ ដោយឱ្យត្រឡប់ក្រោយវិញ ពេលនោះអ្នកបើកបររូបនេះ បានដាក់អ្នកដំណើរចុះ ហើយបានបន្តដំណើរបើករថយន្តតែម្នាក់ឯង ក្នុងគោលបំណងជិះវាងតាមផ្លូវល្បឿនលឿនឆ្ពោះទៅភ្នំពេញ តែត្រូវបានសមត្ថកិច្ចបានឃើញ និងឃាត់ខ្លួនរួមទាំងរថយន្តមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីសាកសួរបន្ត។

រថយន្ដទាំង០២ខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ដោយ៖សុខ ខេមរា


ចែករំលែក៖