ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ចុះបិទទីតាំងអាជីវកម្មជាអចិន្ត្រៃយ៏មួយកន្លែងក្នុងខណ្ឌដូនពេញដែលល្មើសបទបញ្ជា

ចែករំលែក៖

ភ្នំពេញ៖ ក្រោយទទួលបានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញសហការជាមួយ មន្ទីរទេសចរណ៏រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញបានចុះបិទទីតាំងអាជីវកម្មក្រុមហ៊ុនឈ្មោះLove Guo Ji ដែលមានអាសយដ្ឋាននៅអគារលេខ៣៧ ផ្លូវលេខ២២២កែងផ្លូវលេខ៥៧ សង្កាត់បឹងរាំងខណ្ឌដូនពេញដែលបានធ្វើអាជីវកម្មក្លិបកម្សាន្ត និងខារ៉ាអូខេ ពុំមានលិខិតអនុញ្ញាត និងមិនបានសហការជាមួយ  គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩និងសមត្ថកិច្ចពាក់ពន្ធ័ដោយបានសំរេច បិទជាអចិន្ត្រៃយ៏តែម្តង។

    សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង២២យប់ថ្ងៃទី១០មីនា អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះបិទទីតាំងអាជីវកម្ម លួចលាក់បើកខារ៉ាអូខេ៣ទីតាំងផ្សេងគ្នានឹងបានឃាត់ខ្លួនមនុស្សជាច្រើននាក់   ដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីក៏ដូចក្រសួងសុខាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

   ថ្មីៗនេះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតាមមើលទីតាំងណាដែលលួចបើកខារ៉ាអូខេ ឬក្លិបកម្សាន្តលួចលាក់ ត្រូវចុះបិទភ្លាមៗដោយគ្មានការលើកលែងនិងត្រូវ អនុវត្តទៅតាមច្បាប់។សូមបញ្ជាក់ថា៖គិតត្រឹមព្រឹកថ្ងៃទី១១មីនានេះ ក្រសួងសុខាភិបាលប្រកាសថា៖បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៩នាក់,អ្នកជា សះ ស្បើយ៤៨នាក់។តែជាអកុសលអ្នកជំងឺកូវីដ- ១៩ម្នាក់ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតបានទទួលមរណៈភាពនៅព្រឹកថ្ងៃទី១១ មីនានេះដោយសារជំងឺកូវីដ-១៩ដែលជាជនរងគ្រោះលើកដំបូងនៅកម្ពុជាដែលស្លាប់ដោយជំងឺកូវីដ-១៩ ៕

ដោយ៖សំរិត


ចែករំលែក៖