ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមីនា នេះនៅមិនទាន់ឃើញមានតារាចម្រៀង និងពិធីករប្រចាំទូរទស្សន៍ និងផលិតកម្មហង្សមាសបន្តរកឃើញវិជ្ជមាននៅឡើយ ខណៈដែលលទ្ធផលើកទី១បានបញ្ចេញសម្រាប់តារាចម្រៀងមួយចំនួននៅផលិតកម្មនេះបញ្ជាក់ថា អវិជ្ជមាន មាន ដូចជា តារាចម្រៀង លោក ឆន សុវណ្ណារាជ កញ្ញា ឱក សុគន្ធកញ្ញា លោក ហ្សូណូ អ្នកនាង សុខ ស្រីនាងជាដើម ប៉ុន្តែពួកគេសុទ្ធតែបានធ្វើចត្តាឡីស័កដើម្បីបន្តតាមដានសុខភាព និងរងចាំធ្វើតេស្តជាលើកទី២ផងដែរ។
សិល្បករដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ មានដូចជាអ្នកនាង ចាន់ កែវ និមល លោក ណុប បាយ៉ារិទ្ធិ និងអ្នកនាង សុគន្ធ នីសា និងកញ្ញា វីឌីណែត តែប៉ុណ្ណោះ ខណៈដែលសារជូនពរ និងផ្តល់កម្លាំងចិត្តចំពោះសិល្បករពីអ្នកគាំទ្រជាច្រើន ដែលរំពឹងថាពួកគេនឹងឆាប់ជាសះស្បើយពីជំងឺផ្លូវដង្ហើមមួយនេះ។ មានការបញ្ជាក់ពីក្រុមសិល្បករថា តារាចម្រៀង សុគន្ធ នីសា ដែលបានមានវិជ្ជមានកូវីដ-១៩ នោះគឺបានប៉ះពាល់ដោយផ្ទាល់ជាមួយលោក ណុប បាយ៉ារិទ្ធិកាលពីអំឡុងថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២១ ដែលអាចជាការចម្លងបន្តគ្នាពីម្នាក់ទៅម្នាក់ដោយមិនដឹងខ្លួន។ ប្រភពថាសិល្បករជាច្រើនដែលបានសម្តែងរួមជាមួយតារាចម្រៀង សុគន្ធ នីសា មានការព្រួយបារម្ភខ្លាំងពីសុខភាពផ្ទាល់ខ្លួន បើទោះបីជាពួកគេបានជួបជុំថតមុនថ្ងៃទី០៤ ខែមីនា នៃជំនួបរវាង សុគន្ធ នីសា និងលោក ណុប បាយ៉ារិទ្ធក៏ដោយ។ ពួកគេបានបន្តធ្វើចត្តាឡីស័ក្កិតាមដានសុខភាព ផងដែរ។
គួរបញ្ជាក់ដែរថា ការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ និងមហាជនបានកើតមានឡើងក្រោយពី ពិធីការិនីហង្សមាសអ្នកនាងចាន់ កែវ និមល និងស្វាមីលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំបានធ្វើតេស្ដកូវីដ១៩ រកឃើញវិជ្ជមានទាំងគ្រួសារ ដោយអ្នកនាង ចាន់ កែវនិមលបានឆ្លងពីអ្នកដឹកនាំថតម្នាក់ឈ្មោះលោកអ៊ិន ទីតូ កាលពីអំឡុងថ្ងៃទី២៧-២៨កុម្ភៈ ឆ្នាំ២០២១ ៕
ដោយ៖ វឌ្ឍនា