នៅវេលាម៉ោង១៤និង៤៦នាទី (ពេលវេលាក្នុងតំបន់ ) ថ្ងៃទី១១ ខែមីនា កាលពី១០ឆ្នាំមុន ជប៉ុនបានទទួលរងការវាយប្រហារដោយការរញ្ជយដីរលកយក្សស៊ូណាមិទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ នៅពេលវេលានេះដែរ នៅសាលមហោស្រពទីក្រុងតូក្យូ ព្រះចៅអធិរាជជប៉ុន Naruhitoនិងព្រះមហេសី Masako ព្រមទាំងនាយករដ្ឋមន្ត្រី ស៊ូហ្គា និងមន្ត្រីជាច្រើនរូបទៀតបានធ្វើព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះស្លាប់ដោយគ្រោះធម្មជាតិ។
កាលពី១០ឆ្នាំមុននៅថ្ងៃទី ១១ខែមីនាឆ្នាំ២០១១ មានករណីរញ្ជួយដីទ្រង់ទ្រាយធំក្នុងប្រវត្តិសាស្ត្រជប៉ុន បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសនេះ បង្កឲ្យមានរលកយក្សស៊ូណាមិកម្ពស់៤៣ម៉ែត្រ បំផ្លាញ តំបន់ឆ្នេរសមុទ្រជម្រៅ ១០គីឡូម៉ែត្រ ។ គ្រោះមហន្តរាយនោះបានសម្លាប់មនុស្សជិត២ម៉ឺននាក់ ហើយបំផ្លាញទីតាំងបរមាណូ Fukushima Daiichi បង្កឲ្យមានវិបត្តិវិទ្យុសកម្មនៅក្នុងតំបន់។
ក្រៅពីផ្ដាច់ជីវិតមនុស្ស គ្រោះរញ្ជួយដីយ៉ាងកក្រើកកម្រិត ៩.០រ៉ិចទ័រ
បានបង្ករលកយក្សស៊ូណាមិកម្ពស់ជាង៤៣ម៉ែត្រ ដោយបានបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដៃអ៉ីឈិ (Fukushima Daiichi) ក្នុងក្រុងអូគូម៉ា (Okuma) នៃខេត្ត Fukushima ធ្វើឱ្យលេចធ្លាយសារធាតុវិទ្យុសកម្ម ដែលជាមហន្តរាយនុយក្លេអ៊ែរអាក្រក់បំផុត នៅលើពិភពលោក គិតចាប់តាំងតែពីគ្រោះមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ីល (Chernobyl) របស់សហភាពសូវៀតកាលពីឆ្នាំ១៩៨៦មក។
ប្រជាជនជប៉ុន៨៥ភាគរយ នៅតែព្រួយបារម្ភពីឧបទ្ទវហេតុនុយក្លេអ៊ែរ ។ រដ្ឋាភិបាលជប៉ុនបានចំណាយប្រាក់ជាង ៣០០ពាន់លានដុល្លារ ដើម្បីជួសជុលតំបន់រងការខូចខាត និងបំផ្លាញដោយរលកយក្សស៊ូណាមិ ប៉ុន្តែរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi នៅតែស្ថិតនៅក្រោមការដាក់កំហិតនៅឡើយ ដោយសារបារម្ភពីសារធាតុវិទ្យុសកម្ម៕
ដោយ៖ធីរីណា(រូបភាព៖Reuters +Kyodo)