នៅក្នុងការបំបែកហ្វូងបាតុករ ពីសំណាក់កម្លាំងយោធា នៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២១ នេះ មានបាតុករដល់ទៅ៧នាក់បានស្លាប់។ ចំណែក លោកស្រី អោងសាន ស៊ូជី វិញរងការចោទប្រកាន់ថ្មីទៀតពីកម្លាំងយោធា ថាបានទទួលសំណូកជាទឹកប្រាក់៦សែនដុល្លារ។
បុរសម្នាក់ដែលជួយដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា នៅក្នុងស្រុក Myaing ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា មានបាតុករ៦នាក់ស្លាប់ក្នុងពេលកម្លាំងសន្តិសុខបំបែកហ្វូងបាតុករដោយប្រើហិង្សា។ បុរសវ័យ៣១ឆ្នាំបានបញ្ជាក់ថា «យើងខ្ញុំធ្វើបាតុកម្មដោយសន្តិវិធី តែកម្លាំងយោធាបានប្រើហិង្សាមកលើពួកយើង»។
ក្រៅពីនេះនៅតំបន់ North Dagon ក្នុងទីក្រុង Yangon ជាទីក្រុងសេដ្ឋកិច្ចធំបំផុតរបស់មីយ៉ាន់ម៉ា ក៏មានបាតុករម្នាក់ស្លាប់ ផងដែរ។ គិតមកដល់ថ្ងៃទី១១ខែមីនាមានអ្នកស្លាប់ជាង ៦០នាក់ហយ និងបាតុករជាង២ពាន់នាក់ត្រូវយោធាចាប់ឃុំខ្លួនចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។
អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា បានបដិសេធមិនឆ្លើយរាល់សំណួរពីក្រុមអ្នកសារព័ត៌មាន ហើយបញ្ជាក់ថា ថ្នាក់ដឹកនាំយោធានឹងធ្វើសន្និសីទកាសែតនៅរដ្ឋធានីណៃពិដោ នាល្ងាចថ្ងៃទី១១ខែមីនា។
នៅពេលយប់ពលរដ្ឋក៏បានរៀបចំពិធីបួងសួងនៅតាមផ្លូវ ក្នុងទីក្រុង យ៉ានហ្គន់ និងណៃពិដោ ដោយបានដុតទៀនជាច្រើន ដើម្បីបន់ស្រន់។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ លោកស្រី អោងសាន ស៊ូជី ទទួលរងការចោទប្រកាន់បន្ថែមពីបទទទួលសំណូកជាទឹកប្រាក់៦សែនដុល្លារ ។ តាមសារព័ត៌មានរ៉យទ័រ លោក Zaw Min Tun អ្នកនាំពាក្យកម្លាំងទាហាន បានបញ្ជាក់ពីព័ត៌មានថាលោកស្រីស៊ូជីបានទទួលសំណូកពេលនៅកាន់តំណែង។ ក្រៅពីទឹកប្រាក់៦សែនដុល្លារ នៅទទួលបានមាសចំនួន១១,២ គីឡូក្រាមទៀតផង។ ពេលនេះក្រុមប្រឆាំងអំពើពុករលួយកំពុងបើកការស្រាវជ្រាវករណីខាងលើ៕
ដោយ៖ធីរីណា(រូបភាព៖Reuters)