អន្តរជាតិ៖ បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជា៖ ដាណឺម៉ាក, ន័រវែស អ៉ីតាលី និង អ៉ីស្លង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសព្រមៗគ្នា ពីការផ្អាកការប្រើប្រាស់ វ៉ាក់សាំង Astra Zeneca ក្នុងការប្រយុទ្ធប្រឆាំង COVID-19។ ស្រាប់តែនាពេលថ្មីៗនេះ ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ បានប្រកាសថា ខ្លួននៅតែបន្តប្រើប្រាស់វ៉ាក់សាំងអង់គ្លេស Astra Zeneca ដើម្បីចាក់ជូនប្រជាជនដដែល។
ចំពោះការបញ្ជាក់ជំហររបស់អូស្ត្រាលីខាងលើនេះ បានកើតមានឡើងក្រោយពីបណ្ដាប្រទេសអឺរ៉ុបមួយចំនួន បានប្រកាសផ្អាកការចាក់ដោយសំអាងថា ពលរដ្ឋមួយចំនួនក្នុងប្រទេសទាំង ៤នេះ បានរាយការណ៍ពីបញ្ហាសុខភាព ក្នុងនោះគឺបញ្ហាកំណកឈាម (blood clots) ក្រោយពីពួកគេបានចាក់វ៉ាក់សាំងនេះរួច។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃនេះ។
ចំណែកប្រទេសអូស្ត្រាលីវិញ និយ័តករឱសថរបស់ខ្លួនបានធ្វើការត្រួតពិនិត្យចំនួនករណីនេះ «យ៉ាងដិតដល់បំផុត» រួចទៅហើយ ដោយខ្លួនមិនបានរកឃើញ ភាពមិនប្រក្រតីណាមួយ កើតមានឡើងចំពោះប្រជាជន ក្រោយការចាក់វ៉ាក់សាំង Astra Zeneca រួចនោះឡើយ។ ហេតុដូច្នេះអូស្ត្រាលីបានសម្រេចចិត្ត បន្តយុទ្ធនាការចាក់វ៉ាក់សាំង ដោយប្រើប្រាស់វ៉ាក់សាំង Astra Zeneca របស់អង់គ្លេសនេះដដែល។
បេីតាមនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្តុត ម៉ូរីសុន (Scott Morrison) បានអះអាងថា យុវវ័យរបស់ខ្លួនទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំង នៅត្រឹមខែតុលា ឆ្នាំ២០២១នេះ។ គិតត្រឹមពេលនេះ ប្រជាជនអូស្ត្រាលីសរុប ១៥០,០០០នាក់ហើយ ត្រូវបានចាក់វ៉ាក់សាំងប្រឆាំង COVID-19។ ខណៈដែលប្រទេសអូស្ត្រាលីបានធានាស្វែងរកវ៉ាក់សាំង មករក្សាទុកឲ្យបានក្នុងចំនួន ៥៤លានដូស ក្នុងនោះ ៥០លានដូសនឹងត្រូវផលិតនៅក្នុងស្រុក។
ទីភ្នាក់ងារឱសថអឺរ៉ុប បានឲ្យដឹងថា គិតរហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ គេរកឃើញថានៅក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំង Astra Zeneca ជាង៣លាននាក់ នៅក្នុងទឹកដីអឺរ៉ុប មានតែមនុស្ស២២នាក់ប៉ុណ្ណោះដែលមានបញ្ហាដំកំណកឈាមក្នុងសរសៃឈាម។ ខណៈដែលក្រុមហ៊ុន Astra Zeneca និង អាជ្ញាធរឱសថអឺរ៉ុប បានចេញមុខធានាអះអាងពីគុណភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង Astra Zenecaនេះ។
ដោយឡែកជុំវិញបញ្ហានេះដែរ បើតាមប្រភពពីសារព័ត៌មាន Bloomberg នាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ បានចុះផ្សាយថា ប្រទេសថៃ បានសម្រេចធ្វើដូចប្រទេសអ៉ីតាលី ដាណឺម៉ាក និងប្រទេសអឺរ៉ុបមួយចំនួនទៀត ដោយផ្អាកជាបណ្តោះអាសន្ននូវការប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca បន្ទាប់ពីប្រទេសអឺរ៉ុបទាំងនេះបានរាយការណ៍ អំពីបញ្ហាមួយចំនួនលើផ្នែកសុខភាពរបស់ប្រជាជន ដែលបានទទួលការចាកវ៉ាក់សាំងនេះ៕ដោយ៖ស តារា
រូបថត៖Tracey Nearmy
រូបថត៖The New York Times