ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឱ្យអ្នកសារព័ត៏មានដឹងថា ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឱ្យអភិបាលរាជធានី-ខេត្ត ចាត់តាំងក្រុមការងារទៅទទួលប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីយកមកធ្វើចត្តាឡីស័កនៅតាមរាជធានី-ខេត្តនីមួយៗរៀងខ្លួន។ សម្រាប់ខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី០៨ ខែមីនា ដល់រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃចំនួន១៣៨នាក់ ត្រូវអាជ្ញាធរដឹកដល់ខេត្តស្វាយរៀងហើយ ដើម្បីយកទៅធ្វើចត្តាឡីស័ក។
លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានរៀបចំក្រុមការងារជួរមុខ ដែលមានភារកិច្ចសម្របសម្រួលទទួលពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមទិសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន៖ ខេត្តឧត្ដមមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តកោះកុង។
លោកបានបន្ថែមថា ទន្ទឹមនោះក៏បានរៀបចំគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ក្រុង ស្រុកទាំង៨ ក្នុងមូលដ្ឋានខេត្តស្វាយរៀង ក្នុងការរង់ចាំទទួលពលករដែលបញ្ជូនមកពីខេត្តគោលដៅ ដើម្បីបន្តធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ជាទីកន្លែងកំណើតរបស់ពលករផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសឱ្យផ្អាកនូវការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីបុណ្យទាននិងជួបជុំផ្សេងៗចាប់ពីថ្ងៃទី១២ មីនានេះតទៅផងដែរ ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដល់សហគមន៍ផងដែរ៕
ដោយ៖យឹម សុថាន