ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយថ្នាំញៀនត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនដោយដកហូតបានថ្នាំញៀន១០កញ្ចប់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅចំណុច ក្រុម២ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ អុឹម សម្ភស្ស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀននេះដែរ មន្ត្រីនគរបាល២នាក់បានរងរបួស ដោយសារក្រុមជនសង្ស័យបានទាញដុំថ្មគប់ស្រោចមកលើសមត្ថកិច្ច ដើម្បីរត់គេចខ្លួនតែគេចមិន រួច។
មន្ត្រីនគរបាលទាំង២នាក់ដែលរងរបួសមានឈ្មោះដូចខាងក្រោម៖
ទី១-អនុសេនីយ៍ទោ រស្មី សុភា ជាមន្ត្រីនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ទី២-អនុសេនីយ៍ឯក ផុន វិរក្ស នាយរងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌច្បារអំពៅ ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីលោកម៉ៅ សឿត អធិការនគរបាលខណ្ឌ និងដឹកនាំផ្ទាល់ដោយលោកឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផែនគ្រឿងញៀន ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឱ្យដឹងថា នៅវេលាខាងលើ កម្លាំងជំនាញទទួលបាននូវព័ត៌មានពីការចែកចាយថ្នាំញៀននេះ។ បន្ទាប់មកសមត្ថកិច្ចភាគច្រើនសុទ្ធតែស្លៀកពាក់ស៊ីវិលបានចុះទៅឡោមព័ទ្ធតំបន់នោះ ដើម្បីធ្វើការបង្ក្រាបក្រុមជនសង្ស័យតែត្រូវបានក្រុមទាំងនោះឃើញក៏បានយកដំបងនិងដុំថ្មជាច្រើនគប់ស្រោចមកលើក្រុមសមត្ថកិច្ច បណ្តាលឱ្យរងរបួស២នាក់ ហើយពួកគេក៏មានឱកាសរត់គេចខ្លួនតែម្តង ព្រោះតំបន់នោះជាតំបន់ស្មុគស្មាញរញ៉េរញ៉ៃ ជាហេតុធ្វើឱ្យសមត្ថកិច្ចដេញចាប់ក្រុមដែលប្រើហិង្សាពុំបានឡើយ ។ ប៉ុន្តែក្នុងនោះ សមត្ថកិច្ចក៏បានធ្វើការឃាត់បានបក្សពួករបស់ពួកគេម្នាក់ ដោយដកហូតបានថ្នាំញៀនម្សៅក្រាមសថ្លា៩កញ្ចប់តូច និង១កញ្ចប់ធំល្មមផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន ៕
ដោយ៖ សណ្តោស