ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង ហាមប្រាមនាំទំនិញយោធាទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសហាមប្រាមដឹកទំនិញយោធាទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោយពេលមានបាតុករជាច្រើនស្លាប់ ដោយការប្រើអំពើហិង្សា ។ ការអំពាវនាវខាងលើកើតឡើងក្រោយពេលសហគមន៍អន្តរជាតិ ថ្កោលទោសដល់អំពើហិង្សាសម្លាប់មនុស្សជាច្រើន។
នៅថ្ងៃទី១២ ខែមីនា កូរ៉េខាងត្បូង សម្រេចហាមប្រាមនាំទំនិញផ្នែកយោធាទៅកាន់មីយ៉ាន់ម៉ា ។ ក្រៅពីនេះ កូរ៉េខាងត្បូងក៏បានផ្អាកចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសនេះ ក៏ដូចជាផ្អាកសកម្មភាព អភិវឌ្ឍន៍ជាច្រើនផ្សេងទៀត។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា សកម្មភាពខាងលើកើតឡើងក្រោយពេលដែលមានអ្នកស្លាប់ជាច្រើនដោយអំពើហិង្សារបស់កម្លាំងសន្តិសុខទៅលើក្រុមបាតុករ ។ ចំណែកសកម្មភាពមនុស្សធម៌ នៅតែបន្តជួយដល់ប្រទេសមីយ៉ាន់ម៉ា ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បញ្ជាក់ថា នឹងសហការជាមួយ អាមេរិកនិងបណ្តាប្រទេសដើម្បីតាមដានសកម្មភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ចាប់តាំងពីដើមខែកុម្ភៈមកទល់ពេលនេះ ការធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ និងការដឹកនាំដោយយោធា។
ជាមួយគ្នានេះដែរ ចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍មួយ ដោយណែនាំប្រជាជនខ្លួនដែលកំពុងរស់នៅមីយ៉ាន់ម៉ាឲ្យចាកចេញពីប្រទេសអាស៊ានមួយនេះ ប្រសិនបើអាចទៅរួច ឬបើពុំដូច្នោះទេ ពួកគេគួរតែព្យាយាមស្នាក់នៅក្នុងផ្ទះ ព្រោះអំពើហិង្សាត្រូវបានគេមើលឃើញថា បាននិងកំពុងកើនឡើងជាលំដាប់ រវាងកងកម្លាំងសន្តិសុខ និឹងក្រុមបាតុករប្រឆាំងរបបយោធាមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលលោកស្រី អោង សាន ស៊ូជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។
ការអំពាវនាវពីចក្រភពអង់គ្លេសខាងលើនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេចក្តីរាយការណ៍នានាបានឲ្យដឹងថា បាតុករចំនួន១២នាក់ទៀតបានស្លាប់ នៅក្នុងការបង្ក្រាបដោយហិង្សាពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ ចំពោះមុខការទម្លាក់បទចោទប្រកាន់ថ្មីៗទៀតពីសំណាក់់តុលាការទៅលើលោកស្រី អោង សាន ស៊ូជី៕ ដោយ៖ធីរីណា

រូបភាព៖ VOV

 


ចែករំលែក៖