ព័ត៌មានទាន់ហេតុការណ៍៖

សូម​ចូល​រួម​សោកស្ដាយ​! អ្នកច្នៃប្រឌិតបង្កើត «កាសែតម៉ាញេ»​ បានទទួលមរណភាពក្នុងអាយុ៩៤ឆ្នាំ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN បាននិយាយថា​ អ្នកច្នៃប្រឌិតបង្កើត «កាសែតម៉ាញេ» (Cassette Tape) លោក Lou Ottens បានទទួលមរណភាពក្នុងអាយុ៩៤ឆ្នាំកាលពីថ្ងៃទី៦ ខែមីនា នៅផ្ទះរបស់ខ្លួនក្នុងក្រុង Duizel ប្រទេសហូឡង់។ ប៉ុន្តែតាមប្រភពពីក្រុមគ្រួសារលោក Ottens មិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការស្លាប់របស់លោកឡើយ។

សូមជម្រាបថា​ លោក Lou Ottens ជាវិស្វករជំនាញម្នាក់របស់ហូឡង់ ដែលធ្វើជាប្រធានផ្នែកអភិវឌ្ឍផលិតកម្មនៅក្រុមហ៊ុន Philips Hasselt ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩។ នៅឆ្នាំ១៩៦៣ លោកបានដឹកនាំក្រុមការងារផលិតឧបករណ៍ដែលអាចចម្លងសំឡេង ពោលគឺកាសែត។ ឈានដល់ឆ្នាំ១៩៨៨ ពោលគឺ២៥ឆ្នាំក្រោយ កាសែតម៉ាញេ (Cassette Tape) បានបង្ហាញវត្តមាននៅលើទីផ្សារពិភពលោក។

លោក Ottens មុនក្លាយជាថ្នាក់ដឹកនាំ​ បានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន Philips តាំងពីឆ្នាំ១៩៥២មក ហើយ កាសែតម៉ាញេ ដែលផ្តួចផ្តើមបង្កើតដោយលោកផ្ទាល់ ត្រូវបានប៉ាន់ស្មានថា លក់ដាច់នៅលើទីផ្សារជាង១០០ពាន់លានកាសែត។​ ក្រោយមក លោក Ottens ក៏បានត្រួសត្រាយក្រុមការងារលើដំណើរការផលិតកាសែត CD (Compact Disc) ផងដែរ។

ដោយឡែក​នាយកសារមន្ទី Philips Museum នៅក្រុង Eindhoven លោក Olga Coolen បានពិព័ណ៌នាលើរូបលោក Ottens ថា ជាបុរសដ៏អស្ចារ្យម្នាក់ដែលស្រឡាញ់បច្ចេកវិទ្យា។

គួរបញ្ជាក់ថា​ នៅឆ្នាំ១៩៨៦លោក Ottens បានចូលនិវត្តន៍ពីការងារ ហើយកាលពីឆ្នាំ២០១៣ នាខួប៥០ឆ្នាំនៃការបង្កើតកាសែតម៉ាញេ សារមន្ទីរ Philips Museum បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌ដ៏ធំមួយដើម្បីរំលឹកគុណលោក Ottensផងដែរ៕

ដោយ​៖ស​ តារា​

រូបថត​៖AP

 


ចែករំលែក៖