ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសមីយ៉ាន់ម៉ាជិត២០០នាក់ហើយបានភៀសខ្លួនទៅកាន់ឥណ្ឌា

ចែករំលែក៖

ពលរដ្ឋមីយ៉ាន់ម៉ារាប់រយនាក់រួមមានទាំងកម្លាំងប៉ូលិសផងបានឆ្លងព្រំដែនចូលទៅកាន់រដ្ឋ Mizoram ប្រទេសឥណ្ឌា ដោយសារតែអំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួន ។
សារព័ត៌មាន CNA បានដកស្រង់សម្តីមន្ត្រីឥណ្ឌាដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ខែមីនា សរុបមានពលរដ្ឋមីយ៉ាន់ម៉ារហូតដល់ទៅ ២៦៤នាក់ ក្នុងនោះមានប៉ូលិស ១៩៨នាក់បានឆ្លងដែនចូលទៅកាន់ប្រទេសឥណ្ឌា ។
ប៉ូលិសមីយ៉ាន់ម៉ាម្នាក់ដែលបានភៀសខ្លួនទៅកាន់ឥណ្ឌាបានលើកឡើងថា «មូលហេតុដែលយើងចាកចេញពីប្រទេសមីយ៉ាន់ម៉ា មកកាន់ឥណ្ឌាដោយសារតែមិនចង់បម្រើការដល់យោធាដែលកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ខ្ញុំបានមើលឃើញកម្លាំងប៉ូលិសចាប់ខ្លួនមនុស្សជាច្រើន រួមទាំងពលរដ្ឋដែលមិនបាន ចូលរួមធ្វើបាតុកម្មផងដែរ។
ការធ្វើបាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផ្ទុះឡើងក្រោយពេលដែលកម្លាំងយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ ហើយមកទល់ពេលនេះមានមនុស្សស្លាប់៧០នាក់ហើយពេលចូលរួមធ្វើបាតុកម្មប្រឆាំងយោធា ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង សុខាភីបាលអាមេរិកកាលពីថ្ងៃទី១២ខែមីនា បានចោទប្រកាន់យោធាមីយ៉ាន់ម៉ាបង្កការស្លាប់ដល់មន្ត្រីគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ លោក Zaw Myat Linn និង Khin Maung Latt។
ក្រៅពីប្រទេសឥណ្ឌា នៅមានប្រទេសជិតខាងជាប់ព្រំដែនគឺប្រទេសថៃក៏មានជនភៀសខ្លួនមីយ៉ាន់ម៉ាជាច្រើនមកកាន់ប្រទេសថៃផងដែរ ។ រដ្ឋាភិបាលថៃបានប្រកាសរៀបចំទីតាំងសម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ាស្នាក់នៅដោយខ្លាចស្ថានភាពក្នុងប្រទេសកាន់តែអាក្រក់ ហើយពលរដ្ឋនាំគ្នាភៀសខ្លួនមកកាន់ប្រទេសថៃ៕

ដោយ៖ធីរីណា(រូបភាព៖ AP)


ចែករំលែក៖