ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពបរទេស និងក្រុមទាហានស៉ីឈ្នួល ត្រូវ​បានក្រុមប្រឹក្សាសន្តិសុខUN​ ស្នើឲ្យចាកចេញពីប្រទេសលីប៊ី

ចែករំលែក៖

អន្តរជាតិ​៖ បេីតាមការអះអាងពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រទី១២ ខែមីនា ឆ្នាំ២០២១​ បានទទូចឲ្យបណ្តាប្រទេសទាំងឡាយ ដែលមានកងទ័ពនិងទាហានស៉ីឈ្នួលនៅក្នុងប្រទេសលីប៊ី ដកកងកម្លាំងចេញពីលីប៊ីវិញ ដោយមិនត្រូវអូសបន្លាយពេលយូរនោះឡើយ។

បើតាមសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៣ ខែមីនានេះ​ បានចុះផ្សាយថា​ ប្រទេសលីប៊ី​ បានធ្លាក់ទៅក្នុងភាពចលាចល ក្រោយការបះបោរដែលមានអង្គការ NATO នៅពីក្រោយខ្នង។ ជាក់ស្ដែង​កាលពីឆ្នាំ២០១១ ដែលបាននាំទៅរកការផ្តួលរំលំរបបលោក Muammar Gaddafi ហើយធ្វើឲ្យលីប៊ីបែកខ្ញែកជាពីរគឺរវាង រដ្ឋាភិបាលនៅរដ្ឋធានីទ្រីប៉ូលី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងគូបដិបក្ខដែលមានមូលដ្ឋាននៅតំបន់ភាគខាងកើតប្រទេស។ ទាំងសងខាងសុទ្ធតែមានក្រុមកងជីវពលក្នុងស្រុក ព្រមទាំងមហាអំណាចក្នុងតំបន់ និងបរទេសជាខ្នងបង្អែក។​

ចំណែក​លោកឧត្តមសេនីយ៍ Khalifa Haftar ដែលគាំទ្រដោយអេហ្ស៉ីបនិងអេមីរ៉ាត់អារ៉ាប់រួម កាលពីខែមេសា ឆ្នាំ២០១៩ បានលើកកងកម្លាំងខ្លួន ធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីព្យាយាមដណ្តើមកាន់កាប់រដ្ឋធានីទ្រីប៉ូលី។ ប៉ុន្តែយុទ្ធនាការលោកបានបរាជ័យ ក្រោយតួកគីបានបង្កើនការគាំទ្រផ្នែកយោធា ដល់រដ្ឋាភិបាលនៅទ្រីប៉ូលី តាមរយៈការបញ្ជូនទ័ពតួកគីផ្ទាល់រាប់រយនាក់ និងក្រុមទាហានស៉ីឈ្នួលស៉ីរីរាប់ពាន់នាក់ ។

គួរបញ្ជាក់ដែរថា កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ​ កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបាន​ ក៏បានអំពាវនាវឲ្យកងកម្លាំងបរទេស និងក្រុមទាហានស៉ីឈ្នួលទាំងអស់ ត្រូវតែដកចាកចេញពីប្រទេសលីប៊ីវិញ ក្នុងរយៈពេល០៣ខែ។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មាន ការគោរពតាមត្រឹមត្រូវនោះទេ ដែលជាហេតុធ្វើឲ្យ UN ចេញមុខទទូច៕ដោយ​៖ស​ តារា​

រូបភាព​៖ឯកសារ​ កងទ័ព​លីប៊ី


ចែករំលែក៖