ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ យើងបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ-១៩។ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
លោក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា, អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងករណីមានតំរូវការចាំបាច់ ក្រុមការងារយើងបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យនេះអាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុតដែលអាចធ្វើទៅបាន។
លោកលើកឡើងថា, ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ៕
ដោយ៖សុខ ខេមរា