ខេត្តកំពង់ធំ៖ នាថ្ងៃអាទិត្យ ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១, លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយលោក លោកស្រី ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មណ្ឌលខេត្តកំពង់ធំ គណៈអចិន្រ្តៃយ៍គណបក្សខេត្តកំពង់ធំ និងអស់លោកជាប្រធានគណបក្សស្រុក ក្រុងទាំងអស់ក្នុងខេត្ត នៅគេហដ្ឋានលោកបណ្ឌិត ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកបណ្ឌិតបានអញ្ជើញមានប្រសាសន៍ស្វាគមន៍ និងជំរាបអំពីការងារសំខាន់ៗដូចខាងក្រោម ៖
សូម បញ្ជាក់ជូនអំពីការចូលជាធរមាន ត្រូវបានដាក់ឲ្យប្រើប្រាស់នូវច្បាប់ដ៏មានសារៈសំខាន់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ការពារអាយុជីវិត ប្រជាជនយើង ។ នេះគឺជាគោលបំណងសំខាន់ មិនមែនដូចមតិខ្លះលើកឡើងថា ច្បាប់នេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពពលរដ្ឋនោះទេ ។
– ចែកជូននូវឯកសារសំខាន់ៗមួយចំនួន ទាក់ទងបច្ចុប្បន្នភាព ស្ថានភាពជំងឺកូវីដ-១៩ និងការងារឈានទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។
– សំណូមពរអង្គប្រជុំត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាជនមហាជនឲ្យបានយល់ដឹងទូលំទូលាយ។
– លោកបណ្ឌិត ក៏បានមានប្រសាសន៍លម្អិត ក៏ដូចជាការផ្ដល់អនុសាសន៍សម្រាប់ការអនុវត្តការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ ដូចជាខាងមុខនេះយើងមានការបោះឆ្នោតសាកល្បងជាដើម និងអរគុណសរសើរចំពោះក្រុមការងារ គណបក្សខេត្តគ្រប់លំដាប់ថ្នាក់ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក ៕
ដោយ៖ សិលា