ខេត្តកំពង់ស្ពឺ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដោយទ្រង់ឈ្វេងយល់អំពីបញ្ហាប្រឈម និងក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខនៃការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់មន្រ្តីក្រុមសម្តេចឪ ចុះកសាងនូវព្រះរាជអំណោយជាអគារសិក្សាថ្មីចំនួន ១ខ្នង មាន ៦បន្ទប់ ស្ថិតនៅក្នុងសាលាបឋមសិក្សាឧបសម្ព័ន្ធព្រះខែ នាភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សជាកូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គនៅក្នុងមូលដ្ឋាននោះ ព្រោះថាមូលដ្ឋានខាងលើនេះជាតំបន់ឆ្ងាយដាច់ស្រយាល ខ្វះខាតអគារសិក្សា ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជានុរាស្រ្ត ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមមួយទៀតជូនដល់ប្រជានុរាស្រ្តនៅក្នុងខេត្តស្វាយរៀង នូវស្រះទឹក ដែលមានបណ្តោយ ៦០ម៉ែត្រ ទទឹង ៨០ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ សម្រាប់បម្រើជាឧត្តមប្រយោជន៍រួមនៅក្នុងភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបានប្រជានុរាស្រ្តជាកូនចៅថ្វាយនូវអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ និងសេចក្តីគោរពស្រលាញ់ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់ប្រជានុរាស្រ្តជាកូនចៅ និងតែងតែមានព្រះរាជតម្រិៈដង្ហែតាមជានិច្ច ចំពោះព្រះរាជគំរូវីរភាព នៃព្រះករុណា ព្រះវររាជបិតាសិក្សាជាតិ ព្រះវររាជបិតាស្ថាបនាជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្តដ៏ច្រើនឥតគណនាបម្រើឲ្យវិស័យទាំងពីរខាងលើនេះ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង៕
ដោយ៖សិលា