ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករមាសហែក ផ្ដល់អំណោយរថយន្តមួយគ្រឿងដល់រដ្ឋបាលស្រុកនិងម៉ូតូ១៦គ្រឿង ជូនមណ្ឌលសុខភាពតាមបណ្ដាឃុំទាំង១៦ព្រមទាំងឧបករណ៍វាស់កម្តៅចំនួន៥០ ប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីចូលរួមប្រយុទ្ធនិងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។
លោក ឧត្តមសេនីយ៍ សៅសុខា បានមានប្រសាសន៍ថាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីនេះ កុំឲ្យកាន់តែធ្ងន់ធ្ងរឡើង គឺមានតែការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ដោយត្រូវនៅផ្ទះ និងមិនត្រូវធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ចំពោះការជួបជុំគ្នាច្រើនវិញ ដូចជាពិធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ សូមពន្យារពេលសិន។
លោកបន្តថាដំណាក់កាលនេះ ជាដំណាក់លំបាកដែលបងប្អូនប្រជាពលរដ្ឋគ្រប់រូប នៅស្រុករមាសហែកត្រូវមានកាតព្វកិច្ចចាំបាច់ ដោយត្រូវបន្តផ្សព្វផ្សាយ និងចូលរួមវិធាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍របស់យើង តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន(៣ការពារ ៣កុំ)។
ទន្ទឹមនេះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស់ និងរក្សាគម្លាត១,៥ម៉ែត្រពីគ្នាជាដើម។
លោកក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុករមាសហែកក៏ដូចជាទូទាំងខេត្តសូមថែរក្សាសុខភាព និងមើលកូនចៅឱ្យបានល្អ កុំឱ្យដើរចេញក្រៅរហេតរហូត សម្រាប់មនុស្សពេញវ័យ បើមិនមានការចាំបាច់ទេនោះសូមនៅផ្ទះ ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះ ដែលមិនមានភាពចាំបាច់ ដែលមានហានិភ័យចម្លងវីរុសបំប្លែងថ្មីនេះខ្ពស់ណាស់ សម្រាប់លោកអ្នកនាពេលនេះ។
បន្ទាប់មកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានប្រាប់ រូបមន្តការងារគ្រប់គ្រងទូទៅទាំង ៧ យ៉ាងគឺ៖
១.ធ្វេីអ្វីក៏ដោយត្រូវមានគោលដៅ
២.គោលដៅត្រូវមានផែនការ
៣.ផែនការត្រូវមានការអនុវត្ត
៤.អនុវត្តត្រូវមានការត្រួតពិនិត្យ
៥.ត្រួតពិនិត្យត្រូវមានលទ្ធផល
៦.លទ្ធផលត្រូវមានការទទួលខុសត្រូវ
៧.ខុសត្រូវ ត្រូវមានសរសេីរលេីកទឹកចិត្ត និងទណ្ឌកម្ម ៕
ដោយ៖យឹម សុថាន