ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួកចំនួន១៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកទៅធ្វើការសាកសួរភ្លាមៗ បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះម្នាក់បានសម្រេច ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីគឺធ្វេីឡេីងកាលពីវេលាម៉ោង ១និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខការាសសាំងតូតាល់ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា ជនសង្ស័យដែលវសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ទី១.ឈ្មោះ អៀង សុខហ៊ង ភេទប្រុសប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ទី២.ឈ្មោះ ប៉ុន ថារ៉ាវុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យនិងទី៣.ឈ្មោះ ផា ដាវី ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ចំណែកវត្ថុតាងដកហូត ម៉ូតូចំនួន២គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BU-5281 និងមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CS-2886 ជារបស់ជនសង្ស័យ ។
ដោយឡែកជនរងគ្រោះមានឈ្មោះ លន់ សេងលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅផ្ទះជួល ម្តុំទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ របួសក្បាល១កន្លែង និងមេដៃ១កន្លែង ហើយម៉ូតូដែលជនសង្ស័យប្លន់យកទៅម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-7404 ជារបស់ជនរងគ្រោះ ។
លោកនាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានឲ្យដឹងទៀតថា មុននិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះបានគឺនៅយប់ថ្ងៃកេីតហេតុ ជនរងគ្រោះបានជិះម៉ូតូហុងដាឌ្រីម ទៅអង្គុយលេងជាមួយមិត្តភក្ដិនៅកន្លែងកើតហេតុ ហើយពេលនោះដែរក៏ស្រាប់តែមានក្រុមជនសង្ស័យមានគ្នា ចំនួន១៦នាក់ បានជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិត បានមកធ្វើសកម្មភាពកាប់ទៅជនរងគ្រោះបណ្តាលអោយរងរបួស ហេីយយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនតែម្តង ។
លោកនាយប៉ុស្តិក៍បានបន្ថែមថា ភ្លាមនោះដែរ នៅពេលដែលជនសង្ស័យធ្វើសកម្មភាពហើយ ក៏ប្រទះជាមួយនិឹងកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣បានជិះដេញតាម រហូតដល់ដល់មុខបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យក៏ធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ រួមទាំងម៉ូតូ២គ្រឿង នាំខ្លួនយកទៅធ្វើការ សាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣តែម្តង ។ រីឯបក្សពួកជនសង្ស័យចំនួន១៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោលអស់ ដោយយកទាំងម៉ូតូរបស់ជនរងគ្រោះ ទៅជាមួយផងដែរ ។
ក្រោយពេលសាកសួររួចហើយ ជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ កសាងសំនុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ