ព័ត៌មានទាន់ហេតុការណ៍៖

មេការគ្រប់គ្រងខារ៉ាអូខេ អេនជេលផាលេស ត្រូវបានចោទប្រកាន់ នឹងអាចប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ តាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នេះថា មេការគ្រប់គ្រងខារ៉ាអូខេអេនជេលផាលេស (ANGEL PALACE) នៅខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបើកឲ្យភ្ញៀវចូលច្រៀងលេងកម្សាន្ត ដោយបំពាននឹងការណែនាំរបស់រាជរដ្ឋាភិបាល ត្រូវបាន លោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទអំពើដោយចេតនា មិនគោរពតាមបញ្ជារបស់រដ្ឋបាលនៅនឹងកន្លែង (បើកខារ៉ាអូខេឱ្យភ្ញៀវចូលច្រៀងលេងកម្សាន្ត ផ្ទុយពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល) ដោយយោងតាមមាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។

អាជ្ញាធរបានអោយដឹងថា ស្រ្តីសង្ស័យទាំង២នាក់ ឈ្មោះ ខុម សុវណ្ណមុនីរិទ្ធ ភេទស្រី អាយុ ៣៣ឆ្នាំ និងឈ្មោះ ហ៊ុន សុធារ៉ា ភេទស្រី អាយុ ៤២ឆ្នាំ ជាមេការគ្រប់គ្រងខារ៉ាអូខេអេនជេល។

សូមបញ្ជាក់ផងដែរ មាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ មេការគ្រប់គ្រងខារ៉ាអូខេអេនជេល ដែលបានចោទប្រកាន់នេះ ប្រឈមនឹងជាប់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ដល់ ២លានរៀល។ 

គួររំលឹកផងដែរ កាលពីវេលាម៉ោង ២២និង១៥នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅ  ក្រោមការបញ្ជានឹងដឹកនាំផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កម្លាំងប្រត្តិបត្តិការចម្រុះខណ្ឌ៧មករា បានចុះបង្រ្កាបជាក់ស្តែងករណី អំពើដោយចេតនាមិនគោរពតាមបញ្ជារបស់រដ្ឋបាលនៅនឹងកន្លែង (បើកខារ៉ាអូខេឱ្យភ្ញៀវចូលច្រៀងលេងកម្សាន្តផ្ទុយពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល) នៅចំណុចខារ៉ាអូខេអេនជេល ផាលេស (ANGEL PALACE) ផ្ទះលេខ៦ ផ្លូវលេខ២១១ ភូមិ ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពញ។ សមត្ថកិច្ចបាន សម្រេចបិទទីតាំងដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ​(KTV) ដោយសារម្ចាស់ទីតាំងល្មើស នឹងការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ថែមទាំងបានឃាត់ខ្លួន​​មនុស្សប្រុសស្រីដែលជាបុគ្គលិក​បម្រេីការក្នុងទីតាំង KTV និងភ្ញៀវ ជាង២០នាក់ ក្នុងនោះមានមេការគ្រប់គ្រងចំនួន០២នាក់ ផងដែរ ដែលបានបើកបន្ទប់ឱ្យភ្ញៀវចូលច្រៀងលេងកម្សាន្តមួយបន្ទប់ និងចាប់យកវត្ថុតាងដែលពាក់ព័ន្ធ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

ដោយ៖រ៉ា រ៉ា


ចែករំលែក៖