ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​ដែល​បានទៅចូលរួមពិធីមង្គលការ នៅស្រុកឈូក ខេត្តកំពត​ សូមនាំគ្នាទៅធ្វេីតេស្ត;​ ក្រោយ​បុរសម្នាក់រស់នៅខណ្ឌបឹងកេងកង វិជ្ជមាន​កូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់​ អាយុ២៣ឆ្នាំ ជាអ្នករស់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង នៅយប់ថ្ងៃទី១៤ ខែមីនា​ ឆ្នាំ​២០២១​ ត្រូវ​បានអាជ្ញាធរ​មូលដ្ឋាន​ សហការជាមួយ​ក្រុមគ្រូពេទ្យជំនាញ​ ចុះយកទាំងយប់ក្រោយដឹងថា​ មានវិជ្ជមានជំងឺកូវីដ-១៩។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច​ បានសង្កត់ធ្ងន់ថា​ អ្វីដែលកំពុងធ្វើឱ្យមានការបារម្ភខ្លាំងនោះ គឺបុរសរូបនេះបានទៅចូលរួមពិធីមង្គលការមួយនៅស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

សូមជម្រាបថា​ បុរសរូបនោះ​ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានទៅយកសំណាកពិនិត្យរកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារមានការពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ-១៩។ ក្រោយពីយកសំណាករួចហើយបុរសរូបនេះមិនបាននៅធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះទេ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការនៅក្នុងស្រុកឈូក ដោយជួលឡានតាក់ស៊ីហាយឡេនឌ័រមួយគ្រឿង លុះពេលត្រឡប់មកវិញ មានអ្នករួមដំណើរចំនួន៦នាក់។

លុះនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ​ ទេីបព័ត៌មាននេះបែកធ្លាយក៏ផ្អើលឆោរឡោ ភ្លាមៗ​ក្រុមគ្រូពេទ្យបានចុះទៅផ្ទះរបស់គេ បែរជាមិនឃើញរូបគេហើយ ត្រូវបានក្រុមគ្រួសារបញ្ជាក់ថា​ បុរសរូបនោះ​ បានទៅចូលរួមពិធីមង្គលការ។

សមត្ថកិច្ច​ បន្តថា​ ក្រោយពីបានរកឃើញបុរសរូបនោះ ក្រុមគ្រូពេទ្យបាននាំបុរសកើតជំងឺកូវីដ-១៩នេះ ទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke។ ចំណែកអ្នករួមដំណើរ ០៥នាក់ (ប្រុស) យកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ៕ដោយ៖ស​ តារា


ចែករំលែក៖