ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រចំនួន៣២ ដែលមានទុនវិនិយោគពីចិន រងការវាយប្រហារដុតបំផ្លាញ ខាតបង់ទឹកប្រាក់៣៧ លានដុល្លារ

ចែករំលែក៖

តាមសារព័ត៌មាន Global Times បានផ្សាយថា គិតមកដល់ល្ងាចថ្ងៃទី ១៥ខែមីនា មានរោងចក្ររបស់ចិន និងក្រុមហ៊ុនដែលមានដើមទុនពីប្រទេសចិនរហូតដល់៣២ ក្រុមហ៊ុន រោងចក្រ រងការវាយប្រហារ ដុតបំផ្លាញធ្វើឲ្យខាតបង់គិតជាទឹកប្រាក់៣៧លានដុល្លារ។ ជាមួយគ្នានោះក៏មានបុគ្គលិកជនជាតិចិនពីរនាក់រងរបួសផងដែរ។

ទាំងនោះហើយបានជាកម្លាំងយោធាអនុវត្តច្បាប់អាជ្ញាសឹកនៅទីក្រុង Yangon ក្រោយពីមានអំពើហិង្សាកើតឡើងខ្ពស់។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា រោងចក្រកាត់ដេររងការខាតបង់ខ្លាំងជាងគេ ។ នៅពេលនេះស្ថានទូតចិនកំពុងតែទំនាក់ទំនងជាមួយបណ្តារោងចក្រ និងក្រុមហ៊ុន ដើម្បីវាយតម្លៃពីការខូចខាត ។
បណ្តាញទូរទស្សន៍ Mayavadday គ្រប់គ្រងដោយយោធាបានផ្សាយថា មានរោងចក្រកាត់ដេរចំនួន៤ និងរោងចក្រជីគីមី នៅតំបន់ឧស្សាហកម្ម Hlaing Tharyar ស្ថិតនៅជាយក្រុង Yangon រងការដុតបំផ្លាញនៅថ្ងៃទី ១៤ខែមីនា។
តាមបណ្តាញទូរទស្សន៍ខាងលើ ក្រុមពន្លត់អគ្គិភ័យ បានព្យាយាមទៅពន្លត់ភ្លើង តែត្រូវក្រុមបាតុករ ប្រមាណ២០០០នាក់បានរាំងផ្លូវ ទើបកម្លាំងទាហានបាញ់ទៅលើក្រុមបាតុករ បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។
តាមសារព័ត៌មាន ម៉ាឡេសី បានផ្សាយថា នៅក្នុងបាតុកម្មកាលពីថ្ងៃទី១៤ខែមីនា គ្រាន់តែនៅទីក្រុងYangon មានអ្នកស្លាប់ដល់ទៅ៥៩នាក់ និងរបួស ១២៩នាក់។ យោធាមីយ៉ាន់ម៉ា បានប្រកាសអនវុត្តច្បាប់អាជ្ញាសឹកនៅ ខណ្ឌចំនួន៦ ក្នុងទីក្រុង Yangon ក្នុងនោះមានខណ្ឌ Hlaingthaya, Shwepyitha, North Dagon, South Dagon, Dagon Seikkan និង North Okkalapa។
រហូតមកទល់ពេលនេះចិនបានចាត់ទុកអ្វីដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាកិច្ចការផ្ទៃក្នុង ហើយចិនស្នើឲ្យមីយ៉ាន់ម៉ា ការពារបណ្តាក្រុមហ៊ុនរបស់ចិននៅទីនោះ៕

ដោយ៖ធីរីណា(រូបភាព៖vietnamfinance+AP)


ចែករំលែក៖