ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង៖ បើអាមេរិកចង់ស្ងប់សុខ សន្តិភាព សូមកុំបង្កបញ្ហា

ចែករំលែក៖

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន លោកស្រី Kim Yo Jong បានលើកឡើងថា អាមេរិកមិនគួរបង្កបញ្ហាទេប្រសិនបើខ្លួនចង់បានសន្តិភាពនោះ។ ទន្ទឹមនឹងនោះ លោកស្រី Kim Yo Jong បានថ្កោលទោសពីការធ្វើសមយុទ្ធ រួមរវាងអាមេរិក នឹងកូរ៉េខាងត្បូង ។
តាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយថា នៅថ្ងៃទី១៦ខែមីនា ប្អូនស្រីលោក គីម ជុងអ៊ុន គឺ លោកស្រី Kim Yo Jong បានថ្កោលទោសយ៉ាងខ្លាំងដល់ការធ្វើសមយុទ្ធរវាងអាមេរិក នឹងកូរ៉េខាងត្បូង នៅក្នុងទឹកដីកូរ៉េខាងត្បូង ។ លោកស្រី Jong បានបញ្ជាក់ថា បើអាមេរិកចង់បានសន្តិភាព សូមកុំបង្កហេតុ ។
ការលើកឡើងរបស់លោកស្រី Jong គឺក្រោយពេលរដ្ឋមន្ត្រីការពារជាតិ Lloyd Austin និង រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានដកស្រង់សម្តី លោកស្រី Kim Yo Jong ដែលបានបញ្ជាក់ថា កូរ៉េខាងជើងចង់យកឱកាសនេះដើម្បីព្រមានដល់ប្រធានាធិបតី បៃឌិន កុំបង្កហេតុ នៅក្នុងតំបន់ឧបទ្វីបកូរ៉េ។
លោកស្រី Kim Yo Jong បានបញ្ជាក់ថា «បើអាមេរិកចង់បានសន្តិភាព រយៈពេល៤ឆ្នាំខាងមុខ យកល្អ អាមេរិកគួរតែរក្សាការអត់ធ្មត់ កុំបង្កបញ្ហាជាមួយកូរ៉េខាងជើង»៕ ដោយ៖ធីរីណា

រូបភាព៖NORTH KOREA NOW


ចែករំលែក៖