ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន Google បានព្យាយាមពន្យាលពេលក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ខ្លួនអស់ជាច្រើនខែ ជាមួយទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ដើម្បីចៀសវាងពីការបង្ហាញព័ត៌មានទាក់ទងនឹង App Privacy ដែលក្រុមហ៊ុន Apple បានទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីទាំងអស់ត្រូវតែបង្ហាញអំពីការទាញយកទិន្នន័យ និងឱ្យមានការឯកភាពពីអ្នកប្រើប្រាស់។
ដើម្បីឱ្យកម្មវិធី DuckDuckGo កាន់តែមានភាពលេចធ្លោនោះ ក្រុមហ៊ុនបានធ្វើការរិះគន់ក្រុមហ៊ុន Google តាមរយៈប្រព័ន្ធបណ្ដាញសង្គម Twitter ថាការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការធ្វើបច្ចុប្បន្នភាពបង្ហាញអំពី App Privacy នោះគឺដោយសារតែពួកគេមិនចង់ឱ្យអ្នកប្រើប្រាស់ដឹងអំពីចំនួនទិន្នន័យជាច្រើនដែលកំពុងត្រូវបានទាញយក។ ជាងនេះទៅទៀតពួកគេក៏បានបង្ហាញអំពីទិន្នន័យជាច្រើនសន្ធឹកសន្ធាប់ដែលក្រុមហ៊ុន Google បានទាញយកពីអ្នកប្រើប្រាស់មានដូចជា ទីតាំង, ប្រវត្តិក្នុងការស្វែងរកព័ត៌មាន, ឈ្មោះគេហទំព័រ និងលេខសម្គាល់ឧបករណ៍ជាដើម។
សម្រាប់លោកអ្នកដែលមិនដែលបានប្រើកម្មវិធីរបស់ក្រុមហ៊ុន DuckDuckGo នោះ ក្រុមហ៊ុននេះមានទាំងកម្មវិធី Web Browser សម្រាប់ចូលប្រើគេហទំព័រ និងកម្មវិធី Search Engine សម្រាប់ស្វែងរកព័ត៌មាន ដោយមិនមានការទាញយកទិន្នន័យពីអ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មឬលក់ឱ្យក្រុមហ៊ុនផ្សេងៗទៀត។
ប្រសិនបើលោកអ្នកចង់ប្រើកម្មវិធី Web Browser របស់ DuckDuckGo លោកអ្នកអាចទាញយកកម្មវិធីនេះពីក្នុង App Store ប៉ុន្តែប្រសិនបើលោកអ្នកគ្រាន់តែចង់ផ្លាស់ប្ដូរ Search Engine ពី Google ទៅ DuckDuckGo ហើយបន្តប្រើកម្មវិធី Safari ដែលមាននៅក្នុងទូរសព្ទ iPhone នោះលោកអ្នកអាចចូលទៅក្នុង Settings > Safari > Search Engine ដើម្បីធ្វើការផ្លាស់ប្ដូរ៕
ដោយ៖សិលា