ព័ត៌មានទាន់ហេតុការណ៍៖

វិទ្យាល័យស្វាយរៀងបើកបង្រៀនជាធម្មតាមិនដូចព័ត៌មានក្លែងក្លាយផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតណាមួយទាក់ទងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩នោះទេ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកនាយក យស់ ពៅ លោកនាយករង សុខ វន្ថា លោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀងអំពាវនាវដល់ឪពុកម្ដាយអាណាព្យាបាលកុំជឿតាមព័ត៌មានក្លែងក្លាយផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតណាមួយទាក់ទងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩គឺសាលាបើកបង្រៀនជារៀងរាល់ថ្ងៃនិងសូមអោយកូនៗប្អូនៗសិស្សានុសិស្សមករៀនដូចធម្មតា។

ការអំពាវនាវបែបនេះធ្វើឡើងក្រោមការចូលរួមពីលោក យស់ពៅ នាយកវិទ្យាល័យ លោកសុខ វន្ថា នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យស្វាយរៀងនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះដែរយុវសិស្សថ្នាក់ទី៨បានអោយដឹងថានៅវិទ្យាល័យស្វាយរៀងមានសភាពអ៊ូអររៀនជាធម្មតាមិនដូចជាពាក្យចចាមអារ៉ាមមួយចំនួនខ្លះថាសាលាបិទទ្វារឈប់បង្រៀនដោយមានជម្ងឺកូវីដនោះសូមកុំជឿអោយសោះវាមិនពិតទេខណៈយុវសិស្សខាងលើបានសំណូមពរដល់បងប្អូនមិត្តភក្ដិ អ៊ុំពូមីងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយខាងលើនេះ។

លោក យស់ពៅនាយក លោក សុខ វន្ថា នាយករងក៏ដូចជាលោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀងបានផ្ដាំផ្ញើរដល់ សិស្សានុសិស្ស សូមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងថ្នាក់ ក្នុងសាលាអោយបានល្អ កុំមានភាពភ័យខ្លាច សូមរក្សាគម្លាតសង្គមអោយបានខ្ជាប់ខ្ជួន លាងដៃជាមួយសាប៊ូ និងអាល់កុល ពាក់ម៉ាស់អោយបានត្រឹមត្រូវទាំងក្នុងថ្នាក់ និងម៉ោងចេញលេង ហើយអ្វីដែលសំខាន់សូមដានតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង មិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិត ត្រូវជឿជាក់លើថ្នាក់ដឹកនាំលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ខេត្ត លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសកលលោកផងដែរ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ម្សិលមិញនេះលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង  តំណាងលោកអភិបាលខេត្ត បានចុះជួបសំណេះសំណាលជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យស្វាយរៀង ដើម្បីពន្យល់ណែនាំ ជម្រាបការយល់ដឹងអំពីមេរោគកូវីដ១៩ និងការពារខ្លួនពីជំងឺនេះ និងមិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតណាមួយទាក់ទងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖